0

លោក​ ឡាយ ​ម៉ា​រី​វ៉ូ​ អគ្គ​នាយក​ទូរ​គមនាគមន៏​កម្ពុជា​មាន​រឿង​អាស្រូវ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​គួរ​លោក​ ឱម​ យ៉ិន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រញាប់​ស៊ើប​អង្កេត​ពី​បញ្ហា​នេះ​!​

ភ្នំពេញៈ ចាប់តាំងពី​លោក ឡាយ ម៉ា​រី​វ៉ូ ចូលកាន់​តំណែង​ជា​អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា រហូតមក​គឺ​អំពើពុករលួយ​បក្ខពួកនិយម​យ៉ាង​ក្រអឺតក្រទម ធ្វើ​ឲ្យ​បាត់បង់​ថវិការដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ហេតុនេះហើយ​ទើប​កាលពី​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៥ មន្ត្រី​បុគ្គលិក​អង្គភាព​ទូរគមនាគមន៍​កម្ពុជា ជិត​១០០​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​តវ៉ា​ជំរុញ​ឲ្យ​មានការ​ស៊ើបអង្កេត​ករ​ណី​បាត់​ថវិកា​២៣​ម៉ឺន​ដុល្លារ​។ ទាក់ទង​នឹង​បញ្ហា​នេះ​មានការ​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​លើ​រឿងអាស្រូវ​ពុករលួយ​ដល់​ឆ្អឹង​របស់លោក ឡាយ ម៉ា​រី​វ៉ូ ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​មន្ត្រី​រូបនេះ​ទម្លាក់កំហុស​ទៅលើ​មន្ត្រីក្រោមឱវាទ​តទៅទៀត​។

នៅពេលដែល​មន្ត្រី​បុគ្គលិក​ប្រមូលផ្ដុំ​គ្នា​តវ៉ា ឲ្យ​មានការ​ស៊ើបអង្កេត​រឿង​បាត់​ថវិកា​២៣​ម៉ឺន​ដុល្លារ​នោះ បែរជា​បុគ្គល ឡាយ ម៉ា​រី​វ៉ូ ដែល​មេខ្លោង​ប្រព្រឹត្ត​អំពើពុករលួយ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ខ្លួន​កំពុង​រៀបចំ​ឯកសារ​ដាក់​ជូន​តុលាការ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​លោក សែម សំអាង និង លោក ខឹម តេង​អឿន​។ ដើម្បី​បិទបាំង​អំពើពុករលួយ​ដ៏​អាក្រក់​របស់ខ្លួន លោក ឡាយ ម៉ា​រី​វ៉ូ បែរជា​ទម្លាក់កំហុស​ដា​ក់​កូនចៅ​ក្រោម​ឱវាទ​យ៉ាង​គឃ្លើន ដែល​បញ្ហា​នេះ​បង្ហាញ​យ៉ាងច្បាស់​ថា​លោក ឡាយ ម៉ា​រី​វ៉ូ ជា​មេដឹកនាំ​ខ្វះ​ការទទួលខុសត្រូវ​ហ៊ានស៊ី​តែ​មិន​ហ៊ាន​សង​។ ការពិត​លោក ឡាយ ម៉ា​រី​វ៉ូ គឺជា​មេខ្លោង​ប្រព្រឹត្ត​អំពើពុករលួយ​ធំជាងគេ​ក្នុង​អង្គភាព​ទូរគមនាគមន៍​កម្ពុជា ដោយហេតុ​ថាបើ​គ្មាន​ការបើក​ដៃ​ពី​លោក ឡាយ ម៉ា​រី​វ៉ូ ទេនោះ មន្ត្រីក្រោមឱវាទ​ដូចជា លោក សែម សំអាង និង លោក ខឹម តេង​អឿន មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ​។​

ទាក់ទង​នឹង​បញ្ហា​ខាងលើ​នេះដែរ លោក សែម សំអាង បាន​បញ្ជាក់ថា លុយ​ទាំងនោះ​លោក​បានប្រគល់​ទៅ​ឲ្យ​ឈ្មោះ ណី សំកុល ប្រធាន​នាយកដ្ឋាន​ហិរញ្ញ​កម្ម​ទទួលបន្ទុក​ប្រមូល​ចំណូល​និង​បំណុល ដូច្នេះ​លោក​កំពុង​ស្វែងរក​មេធាវី​ជួយ​ការពារ​ក្ដី​ក្នុង​រឿងនេះ​។ ចំណែក​លោក ខឹម តេង​អឿន ដែល​រង​ការចោទប្រកាន់​ដែរនោះ បាន​បដិសេធថា លោក​មិន​ជាប់​ពាក់ព័ន្ធ​លុយ​២៣​ម៉ឺន​ដុល្លារ​នោះទេ ហើយ​ត្រៀម​រក​មេធាវី​ដើម្បី​ការពារ​ខ្លួន​ផងដែរ​។ ដូច្នេះ​មេខ្លោង​ពុករលួយ​ធំជាងគេ​គ្មាន​នរណា​ក្រៅពី​លោក ឡាយ ម៉ា​រី​វ៉ូ នោះទេ ហើយ​ថ្នាក់ដឹកនាំ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​មួយចំនួន ក៏មាន​ជាប់​ពាក់ព័ន្ធ​រឿងអាស្រូវ​ពុករលួយ​ដ៏​វែង​អន្លាយ​នេះដែរ​។ មន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​ឲ្យ​ដឹងថា ដើម្បី​រក​ឲ្យ​ឃើញ​ការពិត​ជុំវិញ​រឿងនេះ គឺ​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់​បំផុត​ទើប​អាច​វែកមុខ​ជន​ពុករលួយ​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់​៕

k

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com