ប្រជាពលរដ្ឋបានលាន់មាត់ថា ក្នុងអាណាចក្រខេត្តស្ទឹងត្រែង មានសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ទ្រង់ទ្រាយធំជាងគេ មិនដែលមានការបង្ក្រាបម្តងណាឡើយ ហើយគេអាចនិយាយបានថា ក្រោមការដឹកនាំរបស់លោកអភិបាលខេត្តថ្មី កុល សំអុល ជំនួញឈើខុសច្បាប់នៅក្នុងខេត្តស្ទឹងត្រែង ចាប់ផ្តើមកម្រើកខ្លាំងជាងជំនាន់លោក ឡូយ សុផាត ទៅទៀត។
កត្តានេះហើយ បាននាំឲ្យលោក វ៉ន សុគន្ធ ជាប្រធាននគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃប្រចាំខេត្តស្ទឹងត្រែង ព្យាយាមតោងតំណែងរបស់ខ្លួនឡើងដុះស្លែទៅហើយ ដោយសារតែលោក វ៉ន សុគន្ធ មានឱកាសប្រមូលលុយពីជំនួញឈើខុសច្បាប់ តាមគ្រប់ច្រកល្ហកយកទៅបង់ថ្លៃប៉ុស្តិ៍និងបង់ជូនមេកើយរបស់គាត់បានទាន់ពេលវេលានិងគ្រប់ចំនួន។ ចាប់តាំងពីមានឱកាសដេញថ្លៃប៉ុស្តិ៍គ្រប់គ្រងខេត្តស្ទឹងត្រែងទាំងមូល លោក វ៉ន សុគន្ធ បានជួលផ្ទះធ្វើជាស្នាក់ការរបស់គាត់នៅកណ្តាលក្រុងស្ទឹងត្រែង ជាអចិន្ត្រៃយ៍ ហើយលោក វ៉ន សុគន្ធ បានចុះទៅពិនិត្យមើលការងារប្រមូលលុយកាក់ពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ឆ្លងកាត់ក្រុងស្ទឹងត្រែងដោយផ្ទាល់មិនឲ្យរបូតមួយរៀលទេ។
មន្ត្រីតូចតាចមួយចំនួនបានបង្ហើបឲ្យដឹងថាលោក វ៉ន សុគន្ធ បានពង្រាយមន្ត្រីជំនិតរបស់គាត់ចំនួន២នាក់ ឲ្យចុះទៅដាក់ប៉ុស្តិ៍ជជុះឈរជើងជាអចិន្ត្រៃយ៍នៅចំណុចអូរពងមាន់ ទីដែលមានការដឹកជញ្ជូនឈើឆ្លងកាត់មកពីគ្រប់ទិសទី រួមមានឈ្មោះ នី ម៉ៅ និងឈ្មោះ រិន ឲ្យចាំប្រមូលលុយពីការដឹកជញ្ជូនឈើខុសច្បាប់យ៉ាងគគ្រឹកគគ្រេង នៅទីនោះ។ ឈ្មោះ នី ម៉ៅ និងឈ្មោះ រិន មានសិទ្ធិអំណាចធំណាស់ក្នុងការចេញរថយន្តល្បាតតាមទារលុយពីក្រុមអ្នករកស៊ីដឹកជញ្ជូនឈើខុសច្បាប់នៅលើដងផ្លូវក្បែរប្រជុំជនអូរពងមាន់ ដូចនេះក្រុមឈ្មួញទាំងតូចទាំងធំ មិនដែលគេចផុតពីក្រសែភ្នែករបស់ឈ្មោះ នី ម៉ៅ និងឈ្មោះ រិន នោះទេ គឺគេតែងតែជូនដំណឹងនិងរាយការណ៍អំពីសកម្មដឹកជញ្ជូនឈើ ដើម្បីចៀសផុតពីការបង្ក្រាប។
សកម្មភាពដែលក្រុមឈ្មួញអាចដឹកជញ្ជូនឈើមកពីស្រុកសៀមប៉ាង និងស្រុកសេសានចូលមកក្រុងស្ទឹងត្រែង ហើយបន្តដឹកជញ្ជូនទាំងតាមផ្លូវទឹក និងតាមផ្លូវគោក ចេញទៅខេត្តក្រចេះ យកទៅលក់នៅស្រុកយួន ក៏ព្រោះតែមន្ត្រីជំនាញរបស់លោក អីវ ឯកសាវត្តី និងសមត្ថកិច្ចពាក់ព័ន្ធរួមទាំងលោក វ៉ន សុគន្ធ ផងដែរ ជាអ្នកឃុបឃិតបើកភ្លើងខៀវ។
ឈ្មួញធំៗជាច្រើនដូចជា យាយព្រឿង និងមេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា រួមទាំងឈ្មោះ ធា បាក់ និង ធី បាញ់ ផងដែរ សុទ្ធតែមានទំនាក់ទំនងល្អជាមួយមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ ហើយពួកគេតែងតែបង់លុយឲ្យមន្ត្រីនិងសមត្ថកិច្ចទាំងនោះមិនដែលខកខានម្តងណាឡើយ ទើបពួកគេអាចជ្រែងជើងរកស៊ីដឹកជញ្ជូនឈើខុសច្បាប់យ៉ាងអនាធិបតេយ្យលើទឹកដីខេត្តស្ទឹងត្រែងដោយគ្មាននរណាហ៊ានប៉ះពាល់។