មណ្ឌលគិរី៖ ថ្មីៗនេះ ថៅកែឈើដ៏មានឥទ្ឋិពលម្នាក់ កំពុងសម្រុកពង្រាយកូនចៅឲ្យចាំទិញឈើគ្រប់ប្រភេទ នៅតំបន់ថ្មីមួយស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចក្នុងខេត្តមណ្ឌលគិរី ខណៈនៅទីតាំងចាស់ស្ទើររកឈើដឹកលែងបាន។
ប្រជាសហគមន៍ក្នុងស្រុកពេជ្រាដា បានឲ្យដឺងថា ក្នុងមួយថ្ងៃៗ គេឃើញរណាយន្តត្រង់សឺន័ររាប់រយគ្រឿង ត្រូវបានគេប្រើប្រាស់ក្នុងសកម្មភាពកាប់បំផ្លាញព្រៃឈើនៅចំណុចភ្នំកុងត្រពាំងខ្ញោច ភ្នំសេវ៉ា អូរខ្វាវ ជើងរើង ល្មាញ ក្នុងស្រុកកែវសីមា និងព្រៃសហគមន៍នានាក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ហើយឈើទាំងនោះ ត្រូវបានគេដឹកចេញយកមកលក់ឲ្យក្រុមលោកឧកញ៉ា សឹង សំអុល ដែលឈរចាំទិញនៅទីតាំងក្រុមហ៊ុនដាយថាន់។
គួរបញ្ជាក់ថា លោកឧកញ៉ា សឹង សំអុល ពីមុនរកស៊ីប្រមូលទិញឈើនៅខេត្តក្រចេះ កំពង់ចាម និងខេត្តត្បូងឃ្មុំ ប៉ុន្តែដោយសារតែគ្មានឈើនៅក្នុងខេត្តទាំង៣នោះ លោកឧកញ៉ា សឹង សំអុល ក៏ទៅកាប់ឈើនៅខេត្តមណ្ឌលគិរី ដែលបានមកពីការកាប់បំផ្លាញតាមព្រៃសហគមន៍។
កាលពីប៉ុន្មានខែមុននេះលោក សឹង សំអុល ក៏ជាថៅកែឈើដ៏ធំចាំប្រមូលទិញឈើនៅក្រុមហ៊ុនឈ្មោះប៊ិញភ្វឿក១ ក្នុងស្រុកកែវសីមាផងដែរ ប៉ុន្តែបានផុតសុពលភាពសិទ្ធិដេញថ្លៃប្រមូលផលអនុផលព្រៃឈើក្នុងក្រុមហ៊ុនទើបបានជារើទៅទីតាំងថ្មីនៅក្រុមហ៊ុនឈ្មោះ ដាយថាន់ វិញម្តងដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច។
ជុំវិញបញ្ហានេះ លោកឧកញ៉ា សឹង សំអុល ដែលត្រូវសហគមន៍នានាចោទប្រកាន់ថា ជាឈ្មួញរកស៊ីបំផ្លាញព្រៃឈើ មិនអាចសុំការបំភ្លឺបានទេ ដោយគ្មានលេខទូរសព្ទ័៕