ព្រះសីហនុ: តាមសេចក្តីរាយការណ៏ពីប្រពភស្រុកព្រៃនប់ថាមានមេឈ្មួញជើងខ្លាំង ដុះស្លែ ដែលល្បីល្បាញថា ពូកែកាប់បំផ្លាញព្រៃឈើ យ៉ាងសកម្ម នៅក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ តែមិនឃើញមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចខាងណា ចុះបង្ក្រាបសោះ នៅទុកអោយមេឈ្មួញរូបនេះ កាប់បំផ្លាញ់ព្រៃឈើយ៉ាងរលូន និងបានសេក្តីសុខបំផុត ។
អ្នកដែលនៅស្រុកព្រៃនប់ជិត រោងម៉ាស៊ីនអារឈើនោះ បាននិយាយថា រាល់ថ្ងៃនេះ ពួកគាត់មានការធុញទ្រាន់នឹងសម្លេងរំខាន របស់រោង ម៉ាស៊ីនអារឈើ មួយនេះណាស់ សកម្មភាពក្រុមឈ្មួញអារឈើ បានធ្វើសកម្មភាព ច្រើនឆ្នាំមកហើយ ពុំដែលមានឃើញ សមត្ថកិច្ចពាក់ព័ន្ធខាងណា ចុះបង្ក្រាបសោះ គឺឃើញតែចេញចូលៗ បណ្តាក់គ្នា ហើយមេឈ្មួញ រោងម៉ាស៊ីនអារឈើខាងលើ គេបានប្រមូលទិញឈើ ពីរទេះ និងគោយន្ត របស់អ្នកភូមិនៅជិតភ្នំ និងបំផុសបំផុល ឱ្យទៅកាប់ព្រៃឈើ តំបន់ជួរភ្នំ វាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដឹកចូលក្នុងរោងម៉ាស៊ីនរបស់ពួកគេ ហើយក៏ត្រូវបានបង់លុយ ឱ្យសមត្ថកិច្ចតាមដងផ្លូវ ជាហូរហែរផងដែរ។
មិនតែប៉ុណ្ណោះ ជុំវិញបញ្ហាខាងលើនេះសកម្មជនព្រៃឈើ នៅស្រុកព្រៃនប់ បានរិះគន់ថា ទំនងជាមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចប្រហែលជា ទទួលបានផលប្រយោជន៍ ពីបទល្មើសព្រៃឈើ និងមេឈ្មួញរូបនេះ មិនខាន បានជាមិនព្រមចុះបង្ក្រាប បើសិនជាគ្មានប្រយោជន៍ ដល់ពួកមន្ត្រីខិលខូចទាំងនោះទេ ប្រាកដជាអញ្ជើញអ្នកសារព័ត៌មាន ទៅថតពីសកម្មភាព បង្ក្រាបបទល្មើសព្រៃឈើជាមិនខានទេ។
តាមការអោយដឹងពីមន្ត្រីប៉ូលិស ឃុំជើងគោ បានអោយដឹងថា មេឈ្មួញលក់ឈើខាងលើនេះ ឈ្មោះ ហ៊ាន ពៅ និងប្រពន្ធ ឈ្មោះ សុខ ខឿង មានទីលំនៅក្នុងភូមិត្រពាំគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ប្រជាពលរដ្ឋ ក្នុងស្រុកព្រៃនប់ទាំងអស់ សូមសុំណូមពរអោយ លោកអភិបាលស្រុកព្រៃនប់ និងលោកអភិបាល ខេត្តព្រះសីហនុ ដែលជាឪពុកម្តាយរបស់ប្រជាជន សូមមានវិធានការចុះបង្ក្រាប ទីតាំងខាងលើនេះ អោយបាន និងមិនគួរទុកអោយ នៅបំផ្លាញព្រៃឈើ តទៅទៀតឡើយ ព្រមទាំងចាប់បុគ្គលខាងលើនេះ យកមកផ្តន្ទាទោស តាមផ្លូវច្បាប់ ពីព្រោះប្រទេសកម្ពុជា មានច្បាប់ស្តីពីការកាប់បំផ្លាញព្រៃឈើ ៕