បាត់ដំបងៈ តាមប្រភពចេញពីខេត្តបាត់ដំបងបានទំលាយថាកាលពីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ រដ្ឋបាលព្រៃឈើបាត់ដំបងចាប់រថយន្តឡង់គ្រីស័រ១គ្រឿងពាក់ស្លាកលេខ រដ្ឋ ១៦.២- ០២៣៨ ដឹកឈើល្មើសច្បាប់ និងចាប់អ្នកបើកបរម្នាក់ ។ គេរាយការណ៍ថា អ្នកបើកបរនោះ គឺជាមន្ត្រី បម្រើការងារនៅសាកលវិទ្យាល័យបាត់ដំបងឈ្មោះ អ៊ោ វុត្ថា ដែលជាប្រធានរដ្ឋបាល និងហិរញ្ញវត្ថុ ។
ប្រភពព័ត៌មានបានឲ្យដឹងថា លោក អ៊ោ វុត្ថា មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយនៅក្នុងសាកលវិទ្យាល័យនោះច្រើនករណី ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នៅពេលនេះ គឺគាត់បានយករថយន្ត ពាក់ស្លាកលេខ រដ្ឋយកទៅដឹកឈើល្មើសច្បាប់ពីខេត្តប៉ៃលិន ឆ្ពោះមកខេត្តបាត់ដំបងទៀតផង ។ ទង្វើបែបនេះត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើខេត្តអះអាងថា បានកើតឡើងជាញឹកញាប់មកហើយ ប៉ុន្តែមេព្រៃចេះតែបិទភ្នែក ។ ប៉ុន្តែដោយសារមិនអាចអត់ឱនបានតទៅទៀត ក៏ចាត់ការតែម្តងទៅ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ករណីយករថយន្តរដ្ឋរបស់ក្រសួងអប់រំទៅដឹកឈើនេះ ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ យ៉ាងណាក៏ដោយ ទង្វើរកស៊ីបែបនេះ ងាយស្រួលព្រោះសមត្ថកិច្ចមិនសូវចាប់អារម្មណ៍ករណីប្រើប្រាស់រថយន្តពាក់ស្លាកលេខរដ្ឋ ទៅប្រព្រឹត្តបទល្មើសយ៉ាងនេះឡើយ ។ លោក អ៊ោ វុត្ថា ត្រូវគេអះអាងថា ដោយសារអាងស្លាកលេខរដ្ឋនោះហើយ ទើបគាត់រកស៊ីដឹកឈើមិនញញើតសមត្ថកិច្ច ៕