ភ្នំពេញៈ អំពើពុករលួយរបស់គយ និងរដ្ឋាករនៅស្នាក់ការគយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅបន្តកើតមាន និងជាទម្លាប់ដ៏អាក្រក់ប៉ះពាល់ដល់ស្ថាប័នរដ្ឋ សង្គម ជាពិសេសប៉ះពាល់ដល់អង្គភាពអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តាមរយៈអំពើពុករលួយបង្កើតឡើងដោយលោក ខៀវ សំអាន ដែលមានទ្រង់ទ្រាយកាន់តែធំ ហើយមិនទាន់មានចំណាត់ការណាមួយពីថ្នាក់លើ ដែលគេសង្ស័យថា អំពើពុករលួយរបស់លោក ខៀវ សំអាត អាចជាប្រយោជន៍ប្រភពសេដ្ឋកិច្ចណាមួយ សម្រាប់ឆ្នាំងបាយថ្នាក់លើ ក៏អាចថាបាន?
គ្រាន់តែទំនិញវិនិយោគ ពន្ធអាករណ៍ជាបន្ទុករបស់រដ្ឋ រាល់ការនាំចេញ និងនាំចូល ឃើញថា លោក ខៀវ សំអាន ប្រធានស្នាក់ការគយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានកេងយកចំណេញលើការរត់ការណ៍ឯកសារ ប្រតិវេទន៍គយ មួយឯកសារ យក៣៥ដុល្លារ សម្រាប់ទំនិញវិនិយោគនាំចេញ និង៧៥ដុល្លារ សម្រាប់ទំនិញវិនិយោគនាំចូល ។ ក្រុមអ្នករត់ការណ៍ឯកសារប្រតិវេទន៍គយឲ្យតាមបណ្តាក្រុមហ៊ុនបានទម្លាយយ៉ាងលម្អិតថា ចំពោះទំនិញ វិនិយោគនាំចេញ ត្រូវបង់៣៥ដុល្លារ មួយឯកសារ ក្នុងនោះ បង់ឲ្យមន្ត្រីគយផ្នែកចុះលេខ៥ដុល្លារ ផ្នែកគណនេយ្យ២០ដុល្លារ និងផ្នែកគយត្រួតពិនិត្យ១០ដុល្លារ ។ ដោយឡែកចំពោះទំនិញវិនិយោគនាំចូលត្រូវបង់ឲ្យមន្ត្រីគយ ផ្នែកចុះលេខ៥ដុល្លារ ផ្នែកគណនេយ្យ២០ដុល្លារ ផ្នែកត្រួតពិនិត្យ២០ដុល្លារ ផ្នែកកាត់ស្តុក២០ដុល្លារ ចំណែកប្រធាន អនុប្រធានស្នាក់ការយកសេវាក្រោមតុ១០ដុល្លារ ។
ក្នុងមួយថ្ងៃៗ ឯកសារប្រតិវេទន៍គយដែលត្រូវបង់ប្រាក់របៀបនេះគឺមានរាប់រយឯកសារ ដូច្នេះ ការប្រមូលប្រាក់បែបនេះ តើត្រូវបង់ចូលរដ្ឋ ឬមួយជាអំពើពុករលួយដែលលោក ខៀវ សំអាន មានចេតនាបំផ្លាញពន្ធរបស់រដ្ឋ និងរំខានដល់អ្នកវិនិយោគដើម្បីផលប្រយោជន៍បុគ្គល និងបក្ខពួករបស់ខ្លួន ។ មកទល់នឹងពេលនេះ យ៉ាងតិចជិត២០ឆ្នាំ ដែលលោក ខៀវ សំអាន មានទ្រព្យសម្បតិ្តដ៏ហូរហៀរ ក្នុងមុខតំណែងជាមេគយ មិនតែប៉ុណ្ណោះ គាត់បានបញ្ជូនកូនទៅរៀននៅក្រៅប្រទេសបានយ៉ាងស្រួលតាមរយៈតំណែងប្រកបដោយអំពើពុករលួយ ។
អ្នករត់ការណ៍និយាយថា បើខាងកាំកុងត្រូលវិញ យកសេវាមិនច្រើនដូចខាងលោក ខៀវ សំអាននោះឡើយ គឺមួយឯកសារសម្រាប់ទំនិញវិនិយោគនាំចេញ១០ដុល្លារ និងនាំចូល១០ដុល្លារដូចគ្នា ។ លោកខៀវ សំអានមិនត្រឹមតែប្រព្រឹត្តអំពើពុករលួយចំពោះការគាបយកលុយពីឯកសារប្រតិវេទន៍គយ សម្រាប់ទំនិញវិនិយោគប៉ុណ្ណោះទេ នៅមានអំពើឃុបឃិតគ្នាជាមួយនឹងឈ្មួញនាំគ្រឿងក្រអូប សម្លៀកបំពាក់ ព្រមទាំងទូរស័ព្ទដែលមានតម្លៃខ្ពស់ និងបង់ព័ន្ធថ្លៃឆ្លងកាត់នៅទីនេះយ៉ាងសន្ធឹកសន្ធាប់ផងដែរ ។ មន្ត្រីគយខ្លះរិះគន់ថា លោក ខៀវ សំអាន មិនបានរក្សាទុកនូវកិត្តិយស ក្នុងតំណែងនោះទេ ចង់ល្បីពុករលួយរហូតដល់ខ្លួនចូលនិវត្តន៍តែម្តងហើយមើលទៅ ៕