សេចក្តីរាយការណ៍បានឲ្យដឹងថា មានរថយន្តប្រភេទស៊ាំយ៉ុងមួយគ្រឿង លួចដឹកឈើប្រណិត នឹងគ្រឿងសង្ហារឹម ត្រូវបាននគរបាលវរសេនាតូច ការពារព្រំដែនគោកលេខ៣០៣ ស្ទាក់ចាប់បាននៅតាមបណ្តោយផ្លូវជាតិលេខ៧៦ ចំនុចមុខទីបញ្ជាការវរការពារព្រំដែន ក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា កាលពីវេលាម៉ោង១២យប់ថ្ងៃទី២៨ កញ្ញា ២០១៥។
ប្រភពបានឲ្យដឹងថា រថយន្តស៊ាំយ៉ុង ពាក់ស្លាកលេខ ២Q១៦៥៤ ខាងលើដែលមត្ថកិច្ចនគរបាលចាប់បាននោះតែងតែលួចដឹកឈើចេញពីតំបន់ព្រៃការពារមណ្ឌលគិរី ក្នុងរយៈពេល២ថ្ងៃម្តង ហើយបានធ្វើសកម្មភាពជាយូរខែមកហើយ ពុំដែលមានសមត្ថកិច្ចណាដឹងទេ ទើបតែពេលនេះបែកការណ៍ ត្រូវនគរបាលព្រំដែនចាប់បង្ក្រាបតែម្តង។
ប្រភពបានបន្តថា នៅពេលចាប់បង្ក្រាបបាន១២ម៉ោង (ចាប់ម៉ោង១២យប់ ម៉ោង១២ថ្ងៃ គេដោះលែង) ក៏មានការអន្តរាគមន៍ពីលោកកែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ឲ្យដោះលែងរថយន្តស៊ាំយ៉ុងនោះវិញ ព្រោះឈើដែលរថយន្តខាងលើដឹកសុទ្ឋសឹងជាឈើរបស់មេនៅភ្នំពេញ ឈ្មោះ ជា សំអាត អនុប្រធានរដ្ឋព្រៃឈើនៅភ្នំពេញ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចរថយន្តស៊ាំយ៉ុង ដឹកឈើនេះជារបស់លោក ហេង ចន្ត្រា នាយរងផ្នែករដ្ឋបាលព្រៃឈើ សែនមនោរម្យ-ពេជ្រាដា។ លោក ហេង ចន្ត្រា បានឲ្យដឹងថា រថយន្តដឹកឈើខាងលើពិតជារបស់លោកមែន ហើយឈើទាំងនោះគឺលោកបានទិញ ដើម្បីជូនមេនៅឯភ្នំពេញ។ លោកតូច យ៉ុន ស្នងការនគរបាលខេត្តបានមានប្រសាសន៍ថា ដោយមានការស្នើរសុំពីខាងរដ្ឋបាលព្រៃឈើ ព្រោះទ្វារបង្អូចហ្នឹង គឺរបស់មេ…ខាងរដ្ឋបាលព្រៃឈើនៅភ្នំពេញ។ លោកបានបន្តថា ស្ថិតនៅក្នុងការយោគយល់ គ្នាទៅវិញទៅមក រវាងជំនាញទើបកម្លាំងរបស់លោក សម្រេចធ្វើការដោះលែងរថយន្តស៊ាំយ៉ុងនោះវិញ។
ព័ត៌មានចុងក្រោយដែលទទួលបាននៅរសៀលថ្ងៃទី២៩ កញ្ញា ២០១៥ រថយន្តសាំយ៉ុងដឹកឈើដែលពាក់ស្លាកលេខ២Q១៦៥៤ ត្រូវបានលោក ជា សុវណ្ណថេត ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្ត បញ្ជាឲ្យសមត្ថកិច្ចសហការបញ្ជូនវត្ថុតាងមក ជំនាញរដ្ឋបាលព្រៃឈើដើម្បីចាត់ការតាមនិតីវិធីច្បាប់។ ដោយមិនអនុញ្ញាឲ្យរថយន្តល្មើសច្បាប់ នោះអាចរួចខ្លួនឡើយ។
ដោយឡែកប្រជាពលរដ្ឋបានសម្តែងនូវការសាទរ ចំពោះចំណាត់ការរបស់លោកព្រះរាជអាជ្ញាររង ដែលមិនបានបណ្តែតបណ្តោយឲ្យមន្ត្រីខិចខូច អាចបន្លំខ្លួនរកស៊ីខុសច្បាប់ ដោយសម្អាងថា ខ្លួនជាមន្រ្តីជំនាញមិនមាននរណាហ៊ានធ្វើអី។ ព្រោះកន្លងមកលោកហេង ចន្ត្រា នាយរងផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យ-ពេជ្រាដា ត្រូវបានគេមើលឃើញថា នៅពេលប្រជាពលរដ្ឋរកស៊ីដឹកឈើមួយដុំពីរដុំគ្រាន់ចិញ្ចឹមជីវិត គឺលោកតាមទារយកលុយច្រើនៗ ពីឈ្មួញតូចតាចទាំងនោះ បើមិនព្រមឲ្យទេ ច្បាស់ជាចាប់យកទៅកន្លែងមិនខាន។ តែអ្វីដែលប្រជាពលរដ្ឋហួសចិត្តនោះ គឺគាត់(លោកហេង ចន្ត្រា)ខ្លួនឯង បានប្រព្រឹត្តឹបទល្មើសព្រៃឈើក្នុងដែនរបស់ខ្លួន ដោយមិនអៀនខ្មាស់ (ដៃម្ខាងចាប់ ដៃម្ខាងរកស៊ីខ្លួនឯង)៕ ដកស្រង់ចេញពីគេហទំព័រ ស្នាដៃកូនខ្មែរ