ខេត្តតាកែវ ៖ ប្រជានេសាទនៅស្រុកអង្គរបុរី ខេត្តតាកែវបានឲ្យដឹងថា ក្នុងរដូវទឹកឡើង នារដូវបិទការនេសាទនេះមានជនអន្តោប្រវេសន៍វៀតណាមរាប់រយទូកចូលមកបោះទីតាំងស្នាក់នៅតាមបឹងបួរហើយនេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់មានដូចជាសៃយ៉ឺន ស្បៃមុង ឡុកកន្ទុយកណ្តុរ សៃយ៉ឺនយក្ស ឧបករណារ៉ាវនិងលបធំៗធ្វើពីសាច់អួនក្រឡាធំ និងក្រឡាញឹកចាប់ទាំងត្រីតូចនិងមេត្រីពងកូនស្ទើរផុតពូជរលាយរលត់អស់ទៅហើយ។ លើសពីនេះក្រុមអន្តោប្រវេសន៍វៀតណាមទាំងនោះបានប្រើស្បៃមុងបង្កប់ដុំឆក់ភ្លើងអាគុយកៀរទាំងត្រីគ្រប់ប្រភេទទៀតផងហើយក៏នៅមានឧបករណ៍ល្មើសក្នុងរដូវបិទការនេសាទនេះដូចជា លបត្រីកេសលបត្រីក្លាំងហាយ លបត្រីរ៉ស់ និងលបបង្កងហើយពួកគេបានបំផ្លាញ ធនធានធម្មជាតិស្ទើរគ្មានសល់ទេ ដូចជាការដាក់លបក្តាខ្យង អន្ទង់ ដោយសុទ្ធតែប្រើថ្នាំដាក់ ហើយដួសដាក់ពេញទូកដឹកជញ្ជូនចូលទៅប្រទេសរបស់ពួកគេវិញដោយគ្មានការហាមឃាត់ពីអាជ្ញាធរមូលដ្ឋាន និងជំនាញជលផលនោះឡើយ។
ពលរដ្ឋបានបញ្ជាក់ឲ្យដឹងទៀតថា ពួកអន្តោប្រវេសន៍ដែលបានមកនេសាទល្មើសច្បាប់ទាំងនោះត្រូវគេស្គាល់មេខ្លោងដែលជាអ្នកកាង ហើយការរត់ការនាំចូល គឺឈ្មោះ ង្វៀងណុក (ហៅអាណុក) បានប៉ាវផ្តាច់ក្នុងការរត់ការដាក់បទល្មើសក្នុងអតីតដែនឡូត៍លេខ(១០ដល់១៣) ដោយឈ្មោះ ណុក អះអាងថា ក្នុងមួយទូករត់ការគ្រប់សមត្ថកិច្ចទាំងអស់ តាំងពីថ្នាក់ស្រុក ខេត្តនិងនាយកដ្ឋានជលផល ត្រូវចំណាយចាប់បី៨០០ដុល្លារ ទៅ១០០០ដុល្លារ ឯណោះទើបចូលមកនេសាទបានរហូតពេលនេះ បានសុខសប្បាយ។ ក្នុងនោះ គឺត្រូវបង់លុយឲ្យជំនាញជលផលចាប់ពីថ្នាក់សង្កាត់ ផ្នែក ខណ្ឌអធិការកិច្ចចតុមុខ និងនាយកដ្ឋានរដ្ឋបាលជលផល ហើយមានចំណែកអភិបាលស្រុក លោកអធិការនគរបាលស្រុក ទើបអាចរកស៊ីបានយ៉ាងស្ងប់ស្ងាត់បែបនេះ ។
ទាក់ទិននិងបទល្មើសនេសាទនៅស្រុកអង្គរបូរី ស្រុកបូរីជលសារ ស្រុកកោះអណ្តែង ខេត្តតាកែវ ដ៏ធំធេងហើយកំពុងបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់នាបច្ចុប្បន្ននេះប្រជាពលរដ្ឋបានសំណូមពរយ៉ាងទទូចដល់លោករដ្ឋមន្ត្រីអ៊ុករ៉ា ប៊ុននៃក្រសួងកសិកម្ម មេត្តាមានវិធានការទប់ស្កាត់ និងបង្ក្រាបឲ្យទាន់ពេលវេលាផងព្រោះធនធានធម្មជាតិកំពុងរងការហិនហោចយ៉ាងធ្ងន់ធ្ងរណាស់ហើយណាមួយមន្ត្រីជំនាញជលផលចាប់ពីនាយកដ្ឋានជលផលរហូតថ្នាក់ក្រោមកំពុងត្រូវថ្នាំសណ្តំរបស់ពួកឈ្មួញរួចដេកលង់លក់អស់ទៅហើយក្នុងពេលនេះ។
ពាក់ព័ន្ធនិងការរិះគន់ខាងលើនេះអ្នកយកព័ត៌មានយើងបានព្យាយាមសុំការពន្យល់ពីជំនាញជលផលនិងអាជ្ញាធរស្រុកខេត្ត ជាច្រើនលើក ច្រើនសាណាស់ប៉ុន្តែពុំមានការធ្វើអត្ថាធិប្បាយឆ្លើយតបឲ្យបានសមរម្យម្តងណាទេហើយបែរជាប្រាប់ថា ឲ្យសួរនាំទៅថ្នាក់លើទៅ ហើយខាងថ្នាក់លើនោះនៅខ្ពស់ពេកទាក់ទងមិនដែលបានចម្លើយម្តងណាទេ គឺជាប់រវល់ប្រជុំរហូតហ្នឹង។
គួររំលឹកផងដែរថា ពាក់ព័ន្ធនឹងជនអន្តោប្រវេសន៍នេះដែរ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កំពុងត្រូវបានរឹតបន្តឹងយ៉ាងមុតមាំចុះហេតុអ្វីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារនានាក្នុងខេត្តតាកែវពិសេសលោកស្នងការនគរបាលខេត្តមានភាពធូររលុងយ៉ាងផង? ចំណុចនេះអគ្គស្នងការនគរបាលជាតិគួរចាត់ការយ៉ាងណាហើយចំពោះមន្ត្រីអនុវត្តច្បាប់ខិលខូចបែបនោះ៕