ខេត្តកំពត៖ មានគេរាយការណ៍ថា មានអំពើពុករលួយជាប្រព័ន្ធសង្វាក់នៅក្នុងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពត ដោយមានតែប្រធាន និងអនុប្រធានម្នាក់ពីរប៉ុណ្ណោះ ដែលទទួលបានលាភសក្ការ រីឯមន្ត្រីតូចតាច និងអនុប្រធានផ្សេងទៀត ដែលមិនមែនជាបក្ខពួក ឬក៏ញាតិមិត្តរបស់លោកប្រធាន មិនដែលទទួលបានអ្វីជាផលប្រយោជន៍ដោយសុច្ចរិតនោះឡើយ ។ ទង្វើបែបនេះមិនមែនទើបតែកើតឡើងនោះទេ ហើយថ្នាក់ដឹកនាំក្រសួងកសិកម្មមួយចំនួនក៏បានជ្រាបរឿងនេះដែរ ។
ប្រភពខ្សឹបខ្សៀវថា ការចំណាយផ្សេងៗនៅក្នុងអង្គភាព គឺមានតែលោកប្រធាន ចាន់ ចេស្តា និងអនុប្រធានម្នាក់ ដែលជាអ្នកចាយវាយតាមចិត្ត ។ អនុប្រធានផ្សេងទៀត បានត្រឹមអង្គុយបៀមប៊ិក ឡើងខៀវបបូរមាត់ទៅហើយ ។ មន្ត្រីថ្នាក់ការិយាល័យមិនត្រូវបានឲ្យដឹងឮអំពីបញ្ហាអ្វីទាំងអស់ គឺស្រេចតែលើលោកប្រធានមន្ទីរ និងអនុប្រធានម្នាក់ ។ អំពើពុករលួយងាយស្រួលក្នុងការប្រព្រឹត្ត ព្រោះលោកប្រធានក្តោបក្តាប់បញ្ហាជុំក្នុងដៃមិនឲ្យអ្នកដទៃបានដឹងនោះឡើយ ។
ឯកសារជាច្រើនត្រូវបានគេទម្លាយឲ្យដឹងពាក់ព័ន្ធទៅនឹងការចំណាយមិនប្រក្រតីនៅក្នុងអង្គភាពមន្ទីរកសិកម្មខេត្តកំពតក្រោមអំណាចដឹកនាំរបស់លោក ចាន់ ចេស្តា ។ ទង្វើរបស់លោកត្រូវបានក្រសួងកសិកម្មណែនាំម្តងជាពីរដងរួចមកហើយ ប៉ុន្តែធ្វើម្តេចទៅ បើលុយនៅនឹងមុខទៅហើយនោះ! ។ ដូច្នេះ មានតែក្រសួងកសិកម្ម និងអង្គភាពប្រឆាំងអំពើពុករលួយប៉ុណ្ណោះ ទើបអាចដោះចេញ ៕