0

ពេល​ណា​ទើប​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​មាន​ចំណាត់​ការ​ទៅ​លើ​ករណី​ធូរ​លុង​របស់​លោក ​ខាត់​សារ៉ាត់​មេ​ច្រក​ទ្វា​អ​ន្តរ​ជាតិ​បាវិត​ដែល​កំពុង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​យ៉ាង​ពេញ​បន្ទុក​!​

ស្វាយរៀង​ ៖ គួរ​ពិនិត្យ និង​ចាប់​អារ​ម្មណា៍​ថ្មី​ពី​សំណាក់​អគ្គនាយក និង​នាយកដ្ឋាន​អន្តោប្រវេសន៍ ចំពោះ​ចំណាត់ការ​ដ៏ ធូររលុង​របស់​ក្រុម​ប៉ូលិស​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​បាវិត ដែល​ឃុបឃិត​ជាមួយ​ភ្ញៀវ VIP ឱ្យ​ឆ្លង​ដែន​កំសាន្ត និង​ភ្ញៀវ VIP ជា​ក្រុម​ជំនួញ ។ ហើយ​ដែល​ករណី​ធូររលុង​នោះ បាន​បង្កើត​ជា​បក្ខពួក និង​អំពើពុករលួយ​យ៉ាង​ពេញ បន្ទុក​ផង ក៏ដូចជា បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​ផង ពី​ទង្វើ​របស់​លោក ខាត់ សារ៉ាត់ ដែល​ជា​នាយ​ប៉ុស្តិ៍ អន្តោប្រវេសន៍​ដែល​គួរ​ត្រូវ​បាន​ស៊ើបអង្កេត ! ។​

​ថ្មីៗ​នេះ​នៅ​ច្រកទ្វារ​អន្តរ្ត​ជាតិ​បាវិត គេ​សង្កេតឃើញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​ទាំង​ក្រុម​ជំនួញ​បាន​សម្រុកចូល​ចេញ មក​ក្នុង​ប្រទេស​កម្ពុជា​ច្រើន​ជាង​សព្វមួយដង ដែល​គេ​ឃើញ​សកម្មភាព​អ៊ូរ​អរ​យ៉ាង​មមាញឹក​បំផុត​ទាំង​ការនាំ​ទំនិញ ចូល​ស្រុក ។ ប៉ុន្តែ​អ្វី​ដែល​គួរឱ្យ​កត់សម្គាល់​នោះ គឺ​ភ្ញៀវទេសចរ​ប្រមាន​ជាង ២០​ភាគរយ គឺ​ពុំ​បាន​ត្រួតពិនិត្យ និង​ពុំ បាន​ចុះ​ពី​លើ​រថយន្ត​ដើម្បី​ឱ្យ​មន្ត្រី​ជំនាញ​នៅ​ច្រក​បាវិត​នោះ ត្រួតពិនិត្យ​ឡើយ ជាពិសេស​គឺ​មន្ត្រី​ចត្តា​ឡី​ស័ក និង​មន្ត្រី អន្តោប្រវេសន៍​ក្រោម​ការដឹកនាំ​របស់​លោក ខាត់ សារ៉ាត់ នោះ​តែម្តង ដែល​ជា​ដើមចម​ឱ្យមាន​អំពើពុករលួយ និង ការ​ធួរ​រលុង​នោះ ។​

​ប្រភព​មន្ត្រី​នៅ​មាត់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត​នេះ​បាន​ប្រាប់ថា មូលហេតុ​ដែល​ភ្ញៀវ​ទាំងនោះ​មិន​ចុះ​ពី​រថយន្ត ដោយសារ​មាន​អ្នក​រត់ការ​ពី​សំណាក់​ព្រូ​រថយន្ត ឬ​សម្របសម្រួល​ពី​មន្ត្រីប៉ូលិស អន្តោប្រវេសន៍ ហើយ​ទើប​មន្ត្រី ជំនាញ​មិនបាន​ពិនិត្យ​សុខភាព​ភ្ញៀវ​អន្តរជាតិ​ដែល​ជិះ​ក្នុង​រថយន្ត​ក្រុង​នោះ ។ ហើយ​បញ្ហា​នោះ ត្រូវបាន​គេ​ទម្លាយ​ថា ជា​កំអែល​ចាស់ stye អំពើពុករលួយ​របស់​នាយ​ប៉ុស្តិ៍​ចាស់ អ៊ឹង សុង​យូ ។ ហើយ​ត្រូវបាន​លោកនាយ ខាត់ សារ៉ាត់ អនុវត្ត​បន្ត គឺ​ដោយសារ​មាន​ការស្នើសុំ​ពី​លោកនាយ​ប៉ុស្តិ៍​នគរបាល អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​ឱ្យ ជួយ​សម្រួល​ដោយ​អះអាងថា ជា​ភ្ញៀវ VIP នោះ​ងាយស្រួល​ប្រព្រឹត្ត​អំពើ​ពុករលួយ​តែម្តង ។

​តាម​ការអះអាង​របស់​ប្រភព​មន្ត្រី​បាន​ទម្លាយ​ឱ្យដឹង​ទៀត​ថា បច្ចុប្បន្ន​នោតាម​តំបន់​ច្រកទ្វារព្រំដែន គឺ​មន្ត្រី​ប៉ូលិស អន្តោប្រវេសន៍ គឺ​មាន​អំណាច​ខ្លាំង​ណាស់ ដែល​ជាក់ស្តែង​មេ​ប៉ុស្តិ៍ ខាត់ សារ៉ាត់ ត្រួតពិនិត្យ​ជំនាញ​ផង​ក៏​គាត់ រីឯ សម្របសម្រួល​ឆ្លងដែន​រត់ការ​នាំ​ទំនិញ​ចេញចូល​ផង ក៏​គាត់​ដែរ ។ ហើយ​បើទោះជា​ខុស​ជំនាញ​ក៏​អន្តោប្រវេសន៍ មាន​អំណាច​ដែរ ព្រោះ​ត្រួតពិនិត្យ​មនុស្ស​ឆ្លងដែន និង​រាយ​ការ​ឱ្យ​ជំនាញ​ចាប់​បង្ក្រាប ឬ​ទប់ស្កាត់​តែម្តង ប្រសិនជា ធ្វើឱ្យ​លោក​មេ​ប៉ុស្តិ៍​មិន​សប្បាយចិត្ត ឬ​ជំនាញ​ណាមួយ និង​ឈ្មួញ​ណាមួយ​ដែល​មិន​ផ្តល់​ដំណឹង​ឱ្យ​ខ្លួន​ដឹង​មុន​ពី​ករណី ទំនិញ​ឆ្លងដែន​នោះ ។

​គួរបញ្ជាក់​ថា ចាប់តាំងពី​ជំងឺ MERS ដែល​ជា​ប្រភេទ​ជំងឺ​ផ្លូវដង្ហើម​ដ៏​កាច​សាហាវ​បាន​ផ្ទុះ​កើត​នៅ​ប្រទេស​កូរ៉េ និង​បាន​បន្ត ឆ្លង​ទៅ​ដល់​ប្រទេស​មួយចំនួន​នៅ​អាស៊ី ជា​ពិសេស​ប្រទេស​ថៃ​នោះ​រាជរដ្ឋាភិបាល ជា​ពិសេស​ក្រសួង​សុខាភិបាល ជាពិសេស ក្រសួង​សុខាភិបាល​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​រឹតបន្តឹង​នៅ​តាម​មាត់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ទាំងអស់​ទូទាំង ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ចាត់​ឱ្យ​មន្ត្រី​ចត្តា​ឡីស័​ក​សហការ​ជាមួយ​ប៉ូលីស អន្តោប្រវេសន៍​ត្រួតពិនិត្យ​សុខភាព​រាល់​ភ្ញៀវ ទេសចរ​ទាំងអស់​ដែល​ចូលមក​កម្ពុជា ជាពិសេស​មក​ពី​កូរ៉េ ។​

​ផ្ទុយ​ពី​ការណែនាំ​នេះ នៅឯ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត បែរជា​មាន​ការសម្រួល​ឱ្យ​ភ្ញៀវទេសចរ​បរទេស​ឆ្លង​ចូល​មក​ដោយ មិនចាំបាច់​ត្រួតពិនិត្យ​សុខភាព​ទៅវិញ ដោយ​គ្រាន់តែ​មាន​ហេតុផល​ថា ជា​ភ្ញៀវ VIP ។ ហើយ​ដែល​បញ្ហា​នេះ គេ​បាន​ទម្លាក់ ទៅលើ​នាយប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​បាវិត​ថា ជា​អ្នក​អនុញ្ញាត និង​ជា​អ្នកទទួលខុសត្រូវ ។​

​បើ​តាម​មន្ត្រី​មួយចំនួន​នៅ​មាត់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ខាងលើ បាន​លួចខ្សឹប​ប្រាប់​ថា បើ​ភ្ញៀវ VIP ទាំងនោះ​មាន​ជំងឺ MERS ហើយ​នាំ​យក​ជំងឺ​នេះ​ទៅ​ចម្លង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស តើ​នរណា​ជា​អ្នកទទួលខុសត្រូវ ? ឬ​មន្ត្រី​អស់នោះ មិនចេះ​ឆ្លង មិនចេះ​ស្លាប់​ទេ ។

​ផ្ទុយ​ទៅ​វិញ​ក្រុម​មន្ត្រី​ផ្ទៃក្នុង​ច្រកទ្វារ​បាវិត បាន​ទម្លាយ​ទៀត​អា​រឿង​ប៉ះពាល់​សុខភាព​នោះ វា​គឺជា​រឿង​ធំ​ហើយ ប៉ុន្តែ​នៅ​មាន អាថ៌កំបាំង​មនុស្ស​បទល្មើស​ចេញចូល​ឆ្លងដែន​ដែល​ជន​សង្គម​ងងឹត​អស់នោះ គឺមាន​តែ​ក្រុម​ប៉ូលិស អន្តោប្រវេសន៍​របស់ ខាត់ សារ៉ាត់ ប៉ុណ្ណោះ ទើប​ដឹងថា ធ្វើ​ម្តេច​អាច​ឆ្លង​ដែន​បាន តាមរយៈ​ពួកគាត់ ករណី​អត់​អ្តសញ្ញាណប័ណ្ណ អត់​ប៉ាស្ព័រ គ្មាន​អត្តសញ្ញាណ អាច​ឆ្លង​បាន​ទាំង​ក្រោមលេស​ភ្ញៀវ VIP ដែល​មាន​ការ​រត់​ការ​ព្រូ តៃកុង​ឡានក្រុង​ចេញមុខ​សម្រួល​ឱ្យ និង​ជួនកាល​តាមរយៈ​មន្ត្រីប៉ូលិស អន្តោប្រវេសន៍​ចេញមុខ​សម្រួល​ការងារ​ឱ្យ​តែ​ម្តង ។​

​បញ្ហាសំខាន់​ដែល​អ្នក​រត់​ការ​ទូទៅ​មនុស្ស​របស់​ប៉ូលិស អន្តោប្រវេសន៍​ស្និទ្ធិ​ឆ្លើយ​ទាមទារ​ថា អ្នក​មាន​ប៉ាស្ព័រ​អស់​សុពលភាព ៣០-៦០​ដុល្លារ ឃ្លា​ទាំង​ប៉ុស្តិ៍​ខ្មែរ ប៉ុស្តិ៍​យួន​ផង ។ ហើយ​ឯ​ជន​គ្មាន​អត្តសញ្ញាណ​ធម្មតា មាន​អត្តសញ្ញាណប័ណ្ណ អត់​ប៉ាស្ព័រ ៣០-៤០​ដុល្លារ ជ្រក​ក្រោម VIP គឺ​ពុំ​បាច់​ចុះ​ទេ ! OK តែ​ចំពោះ​ភ្ញៀវ​គ្មាន​អត្តសញ្ញាណ​ពិតប្រាកដ​វិញ OK តាម​រូបភាព VIP ជាក់ស្តែង ១០០០​ដុល្លារ ទៅ ៥០០០​ដុល្លារ គ្មាន​បញ្ហា ។​

​មាន​ការលើកឡើង​ថា ចំពោះ​ភ្ញៀវ​ដែល​នៅ​ខេត្ត​ឆ្ងាយ​ក៏​គេ​សម្រួល​ឱ្យ​បាន​ដែរ គ្រាន់​តែ​ចេញ​លិខិតស្នាម បញ្ជាក់​ឱ្យ​ថា​អ្នក​រស់ នៅ​តំបន់​តាម​ព្រំដែន​ក្នុង​ខេត្ត​ស្វាយរៀង ពី​សាលាខេត្ត ៣០​ដុល្លារ ពុំ​ទាន់​ស្រេច ដល់ អន្តោប្រវេសន៍​សួររក​អត្តសញ្ញាណប័ណ្ណ ទៀត​មាន​គ្មាន អត់​បញ្ហា​ថែម ៣០-៥០​ដុល្លារ ទៀត​តាម stye របស់​ប៉ូលិស អន្តោប្រវេសន៍​គោះ​យ៉ាង​ត្រូវប៉ាន់ ដោយ​ពុំ​ខ្វល់ ពី​អសន្តិសុខ​គោលនយោបាយ​បើកចំហ​ជើងមេឃ​រដ្ឋាភិបាល​សូម្បី​បន្តិច​ឱ្យតែ​គោះ​បាន​លុយ គឺ​មន្ត្រី អន្តោប្រវេសន៍​ច្រកទ្វារ នេះ​ឥត​ខ្វល់ ។ ជា​ពិសេស​រឿង​ឈឺចាប់​ដែល​ជនរងគ្រោះ​ចង់​ឆ្លងដែន​របៀប​ឆក់កណ្តៀត​ប្រញាប់​គ្មាន​ប៉ាស្ព័រ​នោះ ត្រឡប់​ជា ត្រូវបាន​អាជ្ញាធរ​ច្រកទ្វារ​យួន​ព្រមាន និង​ស្តីបន្ទោស​តែម្តង​ពីបទ​ក្លែងបន្លំ​ឯកសារ​ឆ្លងដែន ឬ​ខាំ​ឯកសារ​ឆ្លងដែន​ពុំ​ត្រូវ​គ្នា ព្រោះថា រឿង​ដែល​ប្រជាពលរដ្ឋ​យំ​នោះ គឺ​អត្ត​សញ្ញាប័ណ្ណ​មកពី​ខេត្ត​ផ្សេង​តែ​លិខិត​ឆ្លងដែន​អនុញ្ញាត​បញ្ជាក់ថា ជា​ប្រជាពលរដ្ឋ រស់​នៅក្នុង​ខេត្ត​ស្វាយរៀង​យ៉ាង​គ្មាន​ទំនង​សោះ ដែល​បញ្ហា​នេះ​គឺជា​ការទទួលខុសត្រូវ​ទាំងស្រុង​របស់ ប៉ូលិស អន្តោប្រវេសន៍​បាវិត​នោះ​តែម្តង ដែល​ធូររលុង​អសមត្ថភាព និង​មុខលុយ​ជាធំ ។

​តែ​ផ្ទុយទៅវិញ​ចំពោះ​ជន​គ្មាន​អត្តសញ្ញាណប័ណ្ណ​ពិតប្រាកដ​នោះ បែរ​ជា​ជ្រក​ក្រោម​មុខ​ភ្ញៀវ VIP យ៉ាង​សុខសាន្ត​ឆ្លងដែន​ទៅ មក​សុវត្ថិភាព​ដែល​មិន​គួរ​ក្រសួង​មហាផ្ទៃ​មើលរំលង​ភាព​អសកម្ម​ពុករលួយ​របស់​មន្ត្រី​មេ អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ បាវិត និង​ទុក្ខវេទនា​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​អ្នកជំងឺ​ឆ្លង​ដែន​នោះ​ទេ ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ក្រុម​អ្នកសារព័ត៌មាន​បាន​ព្យាយាម​សុំ​ការបំភ្លឺ​ពី​មន្ត្រីនគរបាល អន្តោប្រវេសន៍​ច្រកព្រំដែន​អន្តរជាតិ​បាវិត ដែរ ប៉ុន្តែ​មន្ត្រី​ទាំងនោះ​បាន​ឆ្លើយ​ដាក់​គ្នា​ពី​មួយ​ទៅ​មួយ​គ្មាន​អ្នក​ណា​ហ៊ាន​បកស្រាយ​ទេ ព្រោះ​ខ្លាច​និយាយ​ទៅ​ខុស​នាំឱ្យ​មេ ខាត់ សារ៉ាត់ ស្តី បន្ទោស និង​ដក​តំណែង ។ រីឯ​លោក លឹម សៀង​ហេង ប្រធាន​ទីស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​បាវិត​ក៏​បាន​ទទួល ស្គាល់​ថា ហានិភ័យ​នៃ​ការឆ្លង​ជំងឺ MERS នេះដែរ ប៉ុន្តែ​រឿង​អ្វី​ផ្សេង​លោក​អត់​ដឹង និង​គ្មាន​អំណាច​ទេ ! ផ្ទុយ​ទៅ​វិញ​រឿង​ទប់ ស្កាត់​ជំងឺ​បរទេស​ឆ្លងដែន​វា គឺជា​រឿង​មួយ​ហើយ ប៉ុន្តែ​រឿង​អំពើ​ពុករលួយ​ឃុបឃីត​ជាមួយ​ឈ្មួញ រត់ការ​ឃ្លា​សម្របសម្រួល នាំ​ទំនិញ​ចូល និង​ករណី​ធ្វើ​ជា​ត្រីងៀត​ឆ្លៀត​ពង គាប​ជម្រិត​ធ្វើបាប​ប្រជាពលរដ្ឋ​ឆ្លងដែន​និង​អ្នកជំងឺ និង​ជន​សង្គម​ងងឹត​ឆ្លង ដែន​ជ្រក​ក្រោម VIP តាមតែ​ទំនើងចិត្ត​នោះ គួរតែ​ក្រសួង​សា​ម៉ី​ពាក់ព័ន្ធ និង​ក្រសួង​មហាផ្ទៃ​ដាក់​ការស្រាវជ្រាវ​ពី​សកម្មភាព របស់​មេ អន្តោប្រវេសន៍​ច្រកទ្វារ​បាវិត ខាត់ សារ៉ាត់ ជា​បន្ទាន​ផង ។​ ដោយ៖ សេរីភាព

khatsarat_sokphal_cheangam

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com