បន្ទាយមានជ័យ ៖ អភិបាលខេត្ត បន្ទាយមានជ័យ បានថ្លែថា លោកមិនដឹងថា មានគយដាក់កុងត្រូលជជុះទេ ចំពោះចំនុចខាងលើឲ្យដកជាងកន្លះឆ្នាំហើយ បើគយដាក់ប៉ុស្តិ៍គ្មានការអនុញាតិពីអាជ្ញាធរ គឺជាកុងត្រូលជជុះហើយ………!ចំពោះរថយន្តបង់ខែគយចំនុចផ្លូវ៥០ ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉េត តម្រូវឲ្យអាជីវករដែលដឹកទំនិញទាំងនោះ ត្រូវពាក់តែស្លាកលេខខាងមុខ ដោះខាងក្រោយចេញ ពេលធ្វើដំណើរមកដល់ចំនុចខាងលើដោយមិនចាំបាច់ឈប់ទេ គ្រាន់តែញាក់ភ្លើង២ដង មានអ្នកចាំកត់ចំនួនឡានទុកហើយ រីឯអាជីវករដែលបង់ចំនួនក្បាលឡានគឺត្រូវដោះស្លាកលេខទាំងមុខ ទាំងក្រោយចេញ ឬត្រូវពាក់ស្លាកលេខទាំងមុខទាំងក្រោយ ដើម្បីឲ្យគេងាយចំណាំ។ ចំពោះរថយន្តណាដែលបានធ្វើតាមអ្វីដែលគយប្រាប់ គឺនឹងត្រូវបានកម្លាំងរបស់គយបើករថយន្តប្រដេញចាប់ពេញដងផ្លូវជាតិ បើរឹងរុសគឺចាប់រថយន្តបញ្ជូនទៅសាខាខេត្ត ដើម្បីផាកពិន័យរថយន្ត១គ្រឿង ៥០០ដុល្លារ។
ឆ្លើយតបទៅនឹងការលើកឡើនេះ លោក ថោង សុខាំភូ ប្រធានសាខាគយ និងរដ្ឋករខេត្តបន្ទាយមានជ័យ បានទូរស័ព្ទមកបំភ្លឺថា ការចោទប្រកាន់នេះ ពុំមែនជាការពិត គ្មានហេតុផល និងមូលដ្ឋានច្បាស់លាស់ លោកគ្មានគោលការណ៍ណាឲ្យអាជីវករបង់ពន្ធដាក់ខែនោះទេ។ ចំពោះចំណុចផ្លូវ៥០ លោកថា គឺជាកន្លែងសំចតរបស់គយចល័ត ព្រោះកាលមុនធ្វើជាគណៈកម្មការបង្ក្រាប ហើយចំណុចនេះក៏មិនមែន លោកទើបដាក់ប៉ុស្តិ៍ដែរ គឺគេមានយូរហើយព្រោះពីមុនមាន២ទៅ៣កន្លែង គឺសាលាក្រហម និងផ្លូវ៥០ ពេលនេះលោកពង្រួញឲ្យមានតែ១កន្លែង។ ចំពោះការលើកឡើងរបស់អាជីវករថា ទំនិញបង់ពន្ធរថយន្ត ត្រូវបង់លុយក្រៅពី២០ទៅ៤០ម៉ឺនរៀលទៀត គឺគ្មានទេ សូមខាងព័ត៌មានទៅសួរអាជីវករនោះឲ្យច្បាស់ទៅ។
អាជីវករម្នាក់ ជាអ្នកដឹកទំនិញពីជាយដែនប៉ោយប៉ែត ទៅលក់នៅខេត្តសៀមរាប បានសម្រេចចិត្តផ្អាកឈប់រកស៊ីមួយរយៈ ព្រោះដោយសារលោករកស៊ីមិនសូវបាន ដោយសារគយផ្លូវ៥០ ភូមិកូនដំរី តម្រូវឲ្យបង់ខែក្នុង១រថយន្ត១៥០ដុល្លារ បើអ្នកបង់ក្បាលឡាន១ជើង១០ដុល្លារ(៤ម៉ឺនរៀល)។ រាល់ថ្ងៃ គយប្រើយុទ្ធសាស្ត្រឲ្យបង្កើតក្រុមមានម្នាក់ ជាតំណាង សម្រាប់ប្រមូលលុយឲ្យគេមុនរៀងរាល់ដើមខែ ក្រៅពីនេះនៅតាមផ្លូវជាតិលេខ៦ ក្នុងខេត្តសៀមរាប ៣កន្លែងទៀត ក៏បង់អីចឹងដែរ ធ្វើឲ្យពួកលោកដែលជាអាជីវកររកស៊ីកំប៉ិកកំប៉ុករត់មិនរួច ទើបសម្រេចចិត្តឈប់រកស៊ី។
អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម គោស៊ុំ សារឿត បានមានប្រសាសន៍ថា លោកមិនបានដឹងថា គយចល័តខេត្តដាក់កុងត្រូលជជុះទេ លោកនឹងឲ្យមន្ត្រីចុះស្រាវជ្រាវបើពិតលោកនឹងឲ្យដកចេញ។ កន្លងទៅលោកធ្លាប់ឲ្យគយដាក់កន្លែងផ្លូវ៥០ គឺគោលបំណងទប់ស្កាត់រាល់ការលួចនាំចូលទំនិញគេចពន្ធតាមច្រករបៀងរបស់ ឈ្មួញ តែលោកបានបញ្ជាឲ្យដកចេញជាងកន្លះឆ្នាំហើយ ចំពោះការលួចដាក់កុងត្រូល ដែលគ្មានការអនុញ្ញាតពីអាជ្ញាធរ គឺជាកុងត្រូលខុសច្បាប់ ឬហៅថា កុងត្រូលជជុះ។
ជុំវិញករណីនេះ លោក ស៊ុម ចាន់គា មន្ត្រីសម្របសម្រួលសិទ្ធិមនុស្សអាដហុក ខេត្តបន្ទាយមានជ័យ បានចាត់ទុកថា ការតម្រូវឲ្យអាជីវករបង់ពន្ធជាខែរបស់គយចល័យខេត្តចំណុចផ្លូវ៥០ គឺជាអំពើខុសច្បាប់ អង្គភាពប្រឆាំងអំពើរពុករលួយ គួរតែត្រួតពិនិត្យលើមន្ត្រីគយដែលឈរជើងចំណុចខាងលើផង ព្រោះវាប៉ះពាល់ដល់ចំណូលរដ្ឋ ប៉ះពាល់ដល់ការអភិវឌ្ឍន៍ជាតិ បើមានមន្ត្រីខិលខូចទទួលលុយជាខែជាថៃ្ង ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធតាមអំពើចិត្តគ្មានការបង្ក្រាប បែបនេះ។
ប្រភពពីក្រុមអាជីវកររកស៊ីបង់ពន្ធស្របច្បាប់ បានបង្ហើបឲ្យដឹងថា ពួកគាត់ពិតជាពិបាករកស៊ីខ្លាំង ព្រោះត្រូវបង់ពន្ធច្រើន ចំណាយពេលឲ្យគយត្រួតពិនិតឯកសារក៏យូរ ទំនិញទៅលក់លើទីផ្សារមិនទាន់ពេលវេលា រីឯកឈ្មួញរកស៊ីគេចពន្ធវិញពេលនេះមុខរីកដូចគ្រាប់ជី ព្រោះឈ្មួញទាំងនេះគេបង់លុយជាខែ និងបង់គិតក្បាលឡាន មិនចាំបាច់ត្រួតឈប់ឲ្យគយរុះរើទំនិញ និងពិនិត្យឯកសារនោះទេ៕