ខេត្តកោះកុង៖ ប្រជាពលរដ្ឋនិងមន្ត្រីរាជការក្នុងខេត្តកោះកុងបានឲ្យដឹងថាក្រៅពី ច្រកកំពង់ផែឯកជនស្រែអំបិលគឺនៅច្រកអន្តរជាតិចាំយាមក៏សមត្ថកិច្ចគយ បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់តាមអំពើចិត្ត ដែរ។ លោក ថេង ម៉ុងហួន មេគយច្រកអន្តរជាតិចាំយាមកាលពីពេលថ្មីៗកន្លងទៅនេះបានបើកដៃឲ្យឈ្មួញ នាំចូលម៉ូតូទំនើបៗគេចពន្ធរាប់រយគ្រឿងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយត្រូវគេដឹងថាមានការឃុបឃិតជាមួយលោកសំ កុសល ប្រធានសាខាគយខេត្តកោះកុងទៀតផង។ មន្ត្រីគយក្នុងខេត្តកោះកុងបានឲ្យដឹងថា លោក ថេង ម៉ុងហួនមានខ្នងបង្អែកយ៉ាងក្រាស់នៅអគ្គនាយកដ្ឋានគយនិង រដ្ឋាករក៏ដូចជានៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទើបហ៊ានបើកដៃឲ្យ ឈ្មួញនាំចូលរថយន្តគេចពន្ធ ម៉ូតូគេចពន្ធនិងទំនិញខុសច្បាប់ជាច្រើនប្រភេទតាមច្រកចាំយាម។
នៅក្នុងខេត្តកោះកុងសព្វថ្ងៃនេះត្រូវបានប្រជាពលរដ្ឋនិងមន្ត្រីរាជការ រិះគន់ថាបទល្មើសនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់តាមអំពើ ចិត្តព្រោះសមត្ថកិច្ចគយនិងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតគិតគូរតែរឿង ផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ជាក់ស្តែងក្រុមហ៊ុនរបស់មេឈ្មួញ ឡុងម៉េង និងក្រុមហ៊ុនអ៊ឹមឌីអេច(MDH) បាននាំចូលទំនិញគេចពន្ធតាមច្រកកំពង់ផែស្រែអំបិលរាប់សិបតោនក្នុង មួយថ្ងៃៗ ហើយលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុងមិនចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព នោះទេ។ប្រភពខ្លះបានឲ្យដឹងថា ឈ្មួញរកស៊ីនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់និងទំនិញខូចគុណភាពសុទ្ធតែមានទំនាក់ទំនងជាមួយលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុងទើបអាចប្រព្រឹត្តអំពើខុសច្បាប់ដោយគ្មាន ការទប់ស្កាត់ឬបង្ក្រាបពីសមត្ថកិច្ច។
ប្រភពពីភ្នាក់ងារគយតូចតាចក្នុងខេត្តកោះកុងបានឲ្យដឹងថាទំនងជាលោក សំ កុសលចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាប្រធានសាខាគយ ខេត្តកោះកុងទើបខំប្រឹងស្រង់ដើមតាមរយៈបើកដៃឲ្យឈ្មួញនាំចូល ទំនិញគេចពន្ធតាមច្រកស្រែអំបិល និងច្រកចាំយាម ។ លោក សំ កុសលបានរក្សាទុកកុងត្រូលជជុះរបស់គយនៅចំណុចអណ្តូងទឹកបំពានលើបទបញ្ជា របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។ បញ្ហានេះលោក ឱម យ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរចាត់វិធានការស៊ើបអង្កេត ទៅលើអំពើពុករលួយរបស់ប្រធានសាខាគយខេត្តកោះកុងជាបន្ទាន់ព្រោះការបើកដៃ ឲ្យឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់តាមច្រកស្រែអំបិល និងច្រកចាំយាមគឺជាការបំផ្លាញចំណូលពន្ធរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ ៕