0

ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​កណ្តាល​ លោក​ ចក់ ​គង់​ មិន​ទប់​ស្កាត់​រណ្តៅ​ដី​ខុស​ច្បាប់​នៅ​ស្រុក​កណ្តាល​ស្ទឹង​! ​

ខេត្តកណ្តាលៈ ប្រជាពល​រដ្ឋ​​រស់​នៅ​​ឃុំ​​ក​ណ្តោ​ក​ ស្រុក​​កណ្តាល​ស្ទឹង ​ខេត្ត​កណ្តាល​ បាន​​រាយការណ៍​​មក​​ថា ​សព្វថ្ងៃ​នេះ​​មាន​​រថយន្ត​​រាប់​សិប​​គ្រឿង​​កំពុង​​បន្ត​​ដឹក​​ដី​​ចេញ​ពី​​រណ្តៅ​​ក្នុង​​មូលដ្ឋាន​​របស់​​ពួក​គាត់​​ដែល​​បញ្ហា​​នេះ​​កំពុង​​បង្ក​​ផល​ប៉ះពាល់​​ដល់​​បរិ​ស្ថាន​​ទាំង​​ក្នុង​ពេល​​បច្ចុប្បន្ន​និង​​ពេល​អនាគត​​។​ប្រភព​​ដដែល​​បាន​​បញ្ជាក់​ថា​​មន្ត្រី​​ជំនាញ​​ផ្សេង​ទៀត​​នៅ​​ស្រុក​​កណ្តាល​ស្ទឹង​ ពិសេស​​លោក ​បូ ណា​រ៉េត​ អភិបាល​ស្រុក​កណ្តាល​ស្ទឹង​ក៏​បាន​​ជ្រាប​​ពី​​បញ្ហា​​ខាង​លើ​​នេះ​ដែរ​​តែ​​មិន​បាន​​ចាត់​វិធាន​ការ​​ដោះ​ស្រាយ​​ឲ្យ​​បាន​​ទាន់​ពេល​វេលា​និង​​មាន​​ប្រសិទ្ធភាព​​នោះ​ទេ​ហើយ​​នៅ​ពេល​​មាន​​អ្នក​សារព័ត៌មាន​​សាក​សួរ​​ពី​​បញ្ហា​​ខាង​លើ​នេះ​ លោក ​បូ ​ណា​រ៉េត​ តែង​​ឆ្លើយ​ថា​​កំពុង​​ជាប់​រវល់​​ប្រជុំ​​ជា​​បន្ត​បន្ទាប់​​។​

ប្រធាន​មន្ទី​រ៉ែ និង​ថាមពល​ខេត្តកណ្តាល លោក ចក់ គង់ ត្រូវបាន​ប្រជាពលរដ្ឋ​ស្រុក​កណ្តាលស្ទឹង រិះគន់ថា​មិន​ទប់ស្កាត់​ការជីក​រណ្តៅ​ដី​ខុសច្បាប់​ដែលមាន​ជម្រៅ​ជ្រៅៗ និង​ធំៗ​ជាច្រើន​កន្លែង​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បញ្ហា​នេះ​បាន​កើតឡើង​តាំងពី​ឆ្នាំ​២០១៥ តែ​លោក ចក់ គង់ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកណ្តាល មិនបាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ផ្សេងទៀត​ចុះទៅ​ត្រួតពិនិត្យ និង​ទប់ស្កាត់​នោះទេ បើទោះជា​មានការ​ប្តឹងផ្តល់​ពី​ប្រជាពលរដ្ឋ​ក៏ដោយ​។

​ម្ចាស់​រថយន្ត​ដឹក​ដី​មួយរូប​បាន​បង្ហើប​ថា​ដី​ដែល​ជីក​ចេញពី​រណ្តៅ​ យក្ស​ក្នុង​ឃុំ​ក​ណ្តោ​ក ស្រុក​កណ្តាលស្ទឹង ត្រូវគេ​យកទៅ​ចាក់​ក្នុង​ការដ្ឋាន​សំណង់​ដ៏ធំ​មួយ​នៅក្បែរ​ស្ពាន​ព្រែក​ហូរ​ក្នុង​ក្រុង​តាខ្មៅហើយ​មន្ត្រី​មួយចំនួន​នៅ​ក្រុង​តាខ្មៅ​ក៏បាន​ទទួលផល​ប្រយោជន៍​ផងដែរ ព្រោះ​បើ​មិនបាន​ប្រយោជន៍​រថយន្ត​ដឹក​ដី​ក៏​មិនអាច​ដឹក​ចូល​ក្រុង​តាខ្មៅ​ បាន​យ៉ាង​រលូន​ជា​រៀងរាល់ថ្ងៃ​នោះទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ការដ្ឋាន​សំណង់​នៅក្បែរ​ស្ពាន​ព្រែក​ហូរ​ជា​កម្មសិទ្ធិ​របស់​ឧកញ៉ា នួន រិទ្ធី ដែល​គេ​ដឹងថា​ជា​អ្នកមាន​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រី​មានអំណាច​នៅ​សាលា​ ខេត្តកណ្តាល​។​

​គួរ​បញ្ជាក់​​ជា​គោល​ការណ៍​​ច្បាប់​និង​​សេចក្តី​ណែនាំ​​របស់​​សាលា​​រាជធានី​​ភ្នំពេញ​និង​​បណ្តា​​ខេត្ត​​នានា​​តម្រូវ​​ឲ្យ​​ជីក​រណ្តៅ​​ដី​​ជម្រៅ​​​ប្រហែល​៣​ម៉ែត្រ​ប៉ុណ្ណោះតែ​ភាពជាក់ស្តែង​រណ្តៅ​ដី​ជាច្រើន​រយ​កន្លែង​នៅ​ជាយ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ត្រូវបាន​ឈ្មួញ​ជីក​ជម្រៅ​ជាង​១០​ម៉ែត្រ​ដល់​៣០​ម៉ែត្រ​ក៏មានដែរ​។បញ្ហា​នេះ​ភាគច្រើន​បណ្តាលមកពី​មន្ត្រី​មូលដ្ឋាននិង​មន្ត្រី​ជំនាញ​ឃុបឃិតជាមួយ​ឈ្មួញ​ដើម្បី​ទទួលបាន​ផលប្រយោជន៍​ផ្ទាល់ខ្លួនបើទោះជា​ដឹងថា​សកម្មភាព​ខាងលើ​ជា​អំពើ​ខុសច្បាប់និង​ប៉ះពាល់​ដល់​បរិស្ថាន​ក៏ដោយ​៕

3

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com