0

សកម្ម​ជន​ដីធ្លី​ប្ដឹង​អ្នក​បង្ក​ហិង្សា​នៅ​វត្ត​ភ្នំ​ក្នុង​យប់​ថ្ងៃទី​២២​ កញ្ញា ​សាជាថ្មី

ប្រជាជន​សហគមន៍ បឹងកក់ បុរី​កីឡា និង បឹង​ឈូក​ជាច្រើន​នាក់ ប្រមូល​ផ្ដុំគ្នា​នៅមុខ​ក្រសួងមហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី១៤ តុលា​នេះ ដើម្បី​ដាក់ពាក្យ​បណ្តឹង​វែកមុខ​ជនបង្ក​ហិង្សា​នៅ​រមណីយដ្ឋាន​វត្តភ្នំ យប់​ថ្ងៃទី ២២ កញ្ញា កន្លងមក។ ក្រៅពី​ដាក់ពាក្យ​បណ្ដឹង​ទៅកាន់​ក្រសួងមហាផ្ទៃ សកម្មជន​ដីធ្លី​ទាំងនោះ ក៏បាន​ដាក់​ញា​ត្តិ​ទៅកាន់​ស្ថានទូត​ជប៉ុន សា្ថ​ន​ទូត​អូស្ត្រាលី និង អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា។

សមក្ម​ជន​ដីធ្លី ជាង ១០០ នាក់ មកពី​សហគមន៍ បឹងកក់ បុរី​កីឡា និង បឹង​ឈូក បាន​ប្រមូល​ផ្ដុំគ្នា​នៅមុខ​ក្រសួងមហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី១៤ តុលា នេះ​ដើម្បី​ដាក់ពាក្យ​បណ្ដឹង​ទៅកាន់ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​គោលបំណង​វែកមុខ​ជនបង្ក​ហិង្សា​នៅ​រមណីយដ្ឋាន​វត្តភ្នំ កាលពី​យប់ ថ្ងៃទី២២ កញ្ញា​កន្លងទៅ មក​ផ្ដន់ទារ​ទោស​តាមច្បាប់។

បន្ទាប់ពី​មន្ត្រី​ក្រសួងមហាផ្ទៃ ព្រម​ទទួលយក​ពាក្យបណ្តឹង អ្នកតំណាង​ក្រុម​សកម្មជន​ដីធ្លី​ចំនួន​បីនាក់ ក៏បាន​ចូល​ដា​ក់ញា​ត្តិ​ក្នុង​សា្ថ​ន​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា ដើម្បី​ស្នើសុំ​អន្តរាគមន៍​ពី​ប្រទេស​ជប៉ុន​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​រំលោភ​យក​ដីធ្លី និង រំលោភ​សិទ្ធមនុស្ស​នៅ​កម្ពុជា។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ពួកគេ​ក៏​នឹងធ្វើ​ដំណើរ​ទៅ​ដាក់​ញត្តិ​នៅតាម​បណ្ដា​ស្ថានទូត និង អង្គ​ការដែល​ផ្ដល់ជំនួយ​ដល់​កម្ពុជា​ដូចជា ស្ថានទូត​អូស្ត្រាលី និង អង្គការ​សហ​ប្រជា​តិ​ប្រចាំ​ប្រទេស​កម្ពុជា​ជាដើម។ នេះ​បើតាម​សម្ដី​របស់ អ្នកស្រី ទេព វ​ណ្ណី សកម្មជន​ដីធ្លី​មកពី​សហគមន៍​បឹងកក់។

យ៉ាងណាក៏ដោយ អ្នកស្រី ទេព វ​ណ្ណី​បាន​​ថា បើទោះបីជា​ពាក្យបណ្ដឹង​ត្រូវបាន​មន្ត្រី​ក្រសួងមហាផ្ទៃ​ទទួលយក​ហើយក៏​ដោយ ក៏​អ្នកស្រី​មិន​មានជំនឿថា ក្រសួងមហាផ្ទៃ​នឹង​ខិតខំ​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ដែរ ដោយហេតុថា នេះ​មិនមែនជា​លើកទីមួយ​ឡើយ​ដែល​ក្រសួងមហាផ្ទៃ​ទទួលយក​ពាក្យបណ្តឹង​ហើយ​មិន​ដោះស្រាយ។

សូមបញ្ជាក់ថា ហេតុការណ៍​ហិង្សា​នៅ​រមណី​ដ្ឋា​ន​វត្តភ្នំ​កាលពី​យប់ ថ្ងៃទី ២២ កញ្ញា បាន​បង្ក​ឲ្យ​សកម្មជន​ដីធ្លី ១០ នាក់ អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ម្នាក់ និង អ្នកសារព័ត៌មាន​ក្នុងស្រុក២នាក់​រងរបួស និង ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួន។  អ្នកស្រី ទេព វ​ណ្ណី អះអាងថា ជន​ដែល​បង្ក​ហិង្សា​ទៅលើ ប្រជាពលរដ្ឋ អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ និង អ្នកសារព័ត៌មាន ដោយ​ប្រើ​ដំបង ដំបងឆក់ និង ជំ​ពាម​គ្រាប់ឃ្លី គឺជា​ក្រុម​សមត្ថកិច្ច និង ក្រុម​កង​សណ្ដាប់ធ្នាប់ មូលដ្ឋាន​ដែល​ខ្លះ​បាន​បន្លំ​ខ្លួន​ស្លៀកពាក់​ឯង​សណ្ឋាន​ស៊ីវិល។

IMG_4567-1

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com