0

លោកថៅកែផ្ទះសំណាក់ជីប៊ីធី(GBT) រំលោភបំពានចាក់ដីរំលោភយកអូរ មិនខ្លាចញញើតបទបញ្ជារបស់អាជ្ញាធរខេត្តព្រះសីហនុប្រហែលអាងខ្សែពួធំហើយមើលទៅ?

ខេត្តព្រះសីហនុ៖ តាម​ប្រភពពី​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា រយៈពេល​ជាង​២​ខែ​មកហើយ​ដែល​ថៅកែ​ផ្ទះសំណាក់​ជី​ប៊ី​ធី មិនទាន់​អនុវត្តន៍​តាម​បទបញ្ជា​របស់​មន្ត្រី​អាជ្ញាធរ​នៅឡើយ​ពាក់ព័ន្ធ​ការចាក់ដី​រំលោភ​យក​អូរ​ប្រមាណ​៧​ម៉ែត្រ ត្រង់ចំណុច​តំបន់​ស្រែ​ត្រកួន សង្កាត់​លេខ​៤ ជាប់​ព្រំប្រទល់​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​។ ប្រការនេះ​ត្រូវគេ​សង្ស័យថា​ម្ចាស់ផ្ទះ​សំណាក់​ជី​ប៊ី​ធី មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ហ៊ាន​ផ្គើន​នឹង​បទបញ្ជា​របស់​អាជ្ញាធរ ហើយ​វិធានការ​របស់​អភិបាលក្រុង​ព្រះសីហនុ ក៏ដូចជា​អភិបាលខេត្ត​ព្រះសីហនុ កំពុងតែ​ប្រឈម​នឹង​បរាជ័យ​។

ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​លេខ​៤ ជាប់​ព្រំប្រទល់​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ បាន​ជំរុញ​ឲ្យ​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ចាត់វិធានការ​ទៅលើ​ម្ចាស់ផ្ទះ​សំណាក់​ជី​ប៊ី​ធី តាមច្បាប់​ដើម្បី​កុំ​ឲ្យ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​។ ដោយសារ​ថា ក្រោយពេល​អាជ្ញាធរ​បញ្ជា​ឲ្យ​ថៅកែ​ផ្ទះសំណាក់​ជី​ប៊ី​ធី កាយ​ដី​ចេញពី​អូរ​ធម្មជាតិ​វិញ​នោះ គឺ​គេ​មិន​ធ្វើតាម​ឡើយ​ហើយ​គ្រាន់តែ​កាត់​បង្គោល​ថ្ម​ដែល​បោះ​ចំ​កណ្ដាល​នោះ ចេញ​តែប៉ុណ្ណោះ​ដោយ​ទុក​ដី​ដែល​ចាក់​រួច​ឲ្យ​នៅ​ដដែល​។ មិនតែប៉ុណ្ណោះ​មាន​លេចឮ​ព័ត៌មាន​ថា​ថៅកែ​ផ្ទះសំណាក់​ជី​ប៊ី​ធី កំពុង​រត់ការ​សុំ​ទៅ​អាជ្ញាធរ​ក្រុង អាជ្ញាធរខេត្ត និង​មន្ទីរ​សុរិយោដី ដើម្បី​សុំ​កាន់កាប់​ដី​ទៀតផង​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ បាន​លើកឡើងថា ការដែល​ថៅកែ​ផ្ទះសំណាក់​ជី​ប៊ី​ធី ហ៊ាន​ផ្គើន​ជាមួយ​បទបញ្ជា​របស់​អាជ្ញាធរ​មិនមែនជា​រឿង​ធម្មតា​នោះទេ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរពិនិត្យមើល​ខ្លះ​ផង​។ លើស​នេះ​ទៅទៀត​នៅក្នុង​ខេត្ត​ព្រះសីហនុ នាពេល​កន្លងមក​គេ​តែងតែ​ឃើញ​លោក យន្ត មីន ជា​អភិបាលខេត្ត ដាក់ចេញ​នូវ​វិធានការ​ច្បាស់លាស់​ដូចជា ទប់ស្កាត់​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ បទល្មើស​ចាក់ដី​លុប​អូរ​ធម្មជាតិ លុប​ព្រៃកោងកាង និង​បទល្មើស​ទន្ទ្រាន​កាន់កាប់​តំបន់​បឹង​ព្រែក​ទប់​ដែលជា​កន្លែង​ស្តុក​ទឹកស្អាត​ជាដើម​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​រាល់​បទបញ្ជា​ឬ​វិធានការ​របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ គ្រាន់តែ​ជា​រឿង​លេងសើច ព្រោះ​សូម្បីតែ​ថៅកែ​ផ្ទះសំណាក់​ជី​ប៊ី​ធី ក៏​ហ៊ាន​ផ្គើន​នឹង​បទបញ្ជា​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ដែរ​៕

f02e2812-72ed-4131-9427-1fad0e1c1bdf 22-5

 

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com