ខេត្តរតនៈគិរី៖ ប្រជាសហគមន៍ការពារព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុង ខេត្តរតនៈគិរី បានរិះគន់ថាមន្ត្រីរដ្ឋបាលព្រៃឈើខេត្តនេះ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតដូចជា នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ក៏ដូចជាសមត្ថកិច្ចកងរាជអាវុធហត្ថ មិនចាត់វិធានការទប់ស្កាត់បទល្មើសដឹកជញ្ជូនឈើប្រណីតទៅលក់នៅស្រុក យួននោះទេ។
មជ្ឈដ្ឋាននានាបានលើកឡើងថា លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនៈគិរី គឺជាអ្នកទទួលខុសត្រូវធំជាងគេចំពោះបទល្មើសដឹកជញ្ជូនឈើប្រណីតទៅលក់ នៅស្រុកយួនដែលកំពុងបន្តកើតឡើងយ៉ាង រាលដាល។ ដោយហេតុថា ប្រសិនបើលោក កែប កត់ អនុវត្តន៍ឲ្យបានត្រឹមត្រូវតាមតួនាទីរបស់ខ្លួននោះ គឺឈ្មួញខិលខូចមិនអាចបន្តសកម្មភាពដឹកឈើប្រណីតទៅលក់នៅស្រុកយួន បានឡើយ។
មន្ត្រីរាជការក្នុងខេត្តរតនៈគិរី បានឲ្យដឹងថាឈើប្រណីតប្រភេទគ្រញូង ធ្នង់ សុក្រំ ផ្ចឹកជាដើម នៅតែត្រូវក្រុមឈ្មួញដឹកជញ្ជូនទៅលក់នៅស្រុកយួនតាមច្រករបៀង ក្នុងស្រុកអូរយ៉ាដាវ យ៉ាងអនាធិបតេយ្យដដែល ដោយសារមានការបើកដៃពីសំណាក់លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី និងបក្ខពួក។ សព្វថ្ងៃនេះនៅក្នុងស្រុកវ៉ើនសៃ ឈ្មួញបានប្រើប្រាស់រថយន្តទំនើបៗដូចជាម៉ាកធុនដ្រា ហាយឡែនឌ័រ តូយ៉ូតា១បាំងកន្លះ និងបាឡែនជាដើម ដឹកជញ្ជូនឈើចេញពីស្រុកវ៉ើនសៃ ឆ្លងកាត់ស្រុកតាវែង ស្រុកអូរជុំ ចូលក្រុងបានលុង ហើយធ្វើដំណើរតាមផ្លូវជាតិលេខ៧៨ យកទៅលក់នៅស្រុកយួនតាមច្រករបៀងក្នុងស្រុកអូរយ៉ាដាវ។ ប្រភពពីប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនក្នុងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ បានឲ្យដឹងថាច្រករបៀងភូមិភិ និងច្រករបៀងភ្នំក្រហម គឺជាទីតាំងដែលឈ្មួញបន្តដឹកជញ្ជូនឈើប្រណីតទៅលក់នៅស្រុកយួនដោយ គ្មានឧបសគ្គ។
សមត្ថកិច្ចតូចតាចមួយចំនួនបានឲ្យដឹងថានៅតាមដងផ្លូវជាតិលេខ៧៨ពីក្រុងបានលុងទៅតំបន់ព្រំដែនស្រុកអូរយ៉ាដាវ មានទីតាំងឈរជើងរបស់សមត្ថកិច្ចជាច្រើនស្ថាប័នដែលមានតួនាទីក្នុងការបង្ក្រាបបទល្មើសព្រៃឈើបង្ក្រាបទំនិញគេចពន្ធជាដើម ប៉ុន្តែជាក់ស្ដែងពួកគេមិនបានបង្ក្រាបរថយន្តទំនើបៗដឹកជញ្ជូនឈើប្រណី តទៅលក់នៅស្រុកយួននោះទេ។ លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីនិងមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំស្រុកអូរយ៉ាដាវត្រូវគេរិះគន់ថាជាអ្នកឃុបឃិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើប្រណីតទៅលក់នៅស្រុកយួន ដើម្បីជាថ្នូរនឹងលុយកាក់ដោយគ្មានញញើតអ្វីទាំងអស់។ ដូច្នេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម គួរចាត់វិធានការលើភាពអសកម្មរបស់មន្ត្រីរដ្ឋបាលព្រៃឈើក្នុង ខេត្តរតនគិរី ជាបន្ទាន់កុំឲ្យពួកគេធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតក្នុងខណៈដែលព្រៃឈើក្នុងខេត្តរតនៈគិរីប្រឈមនឹងការបំផ្លាញយ៉ាងមហន្តរាយនៅពេលដ៍ខ្លីខាងមុខជាក់ជាមិនខានឡើយបើគ្មានការទប់ស្កាត់៕