0

ពលរដ្ឋឆ្ងល់ថា៖ ហេតុអីរកស៊ីដឹកតែឈើដើរជល់តែមាន់គំរាមតែអ្នកកាសែតឡើងជានាយរងការិយាល័យនៃស្នងការខេត្តសៀមរាបកើតដែរ?????

សៀមរាប៖ ប្រជាពលរដ្ឋនៅខេត្តសៀមរាប រិះគន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទែថា អ្នកមានស្នាដៃស្ថាបនាជាតិមើលមិនសូវឃើញមិនតំឡើងបុណ្យសក្តិ តែអ្នករកស៊ីដឹកតែឈើស្ទើរមួយជីវិត មិនដែលចូលការិយាល័យបំពេញភារកិច្ចតាមតួនាទី ដូចជាលោក យិនថាវ ជាដើម បែរជាតំឡើងបុណ្យសក្តិរហូតដល់សក្តិបួនកន្លះនាយរងការិល័យ នៅស្នងការដ្ឋានខេត្តសៀមរាបទៅវិញ។

អ្នកណាៗក៏គេស្គាល់ដែរថាលោក យិនថាវ ជាមេឈ្មួញរកស៊ីដឹកតែឈើមិនស្របច្បាប់ពីតំបន់វាលលើយកមកលក់ចែក ចាយនៅក្នុងខេត្តសៀមរាប ប៉ុន្តែសមត្ថកិច្ចតាមដងផ្លូវ និងជំនាញរដ្ឋបាលព្រៃឈើមិនដែលយកភ្នែកមើលទាល់តែសោះ ដែលជាហេតុធ្វើអោយមហាជនមានការសង្ស័យថា សមត្ថកិច្ច និងជំនាញមេព្រៃហាក់មានការឃុបឃិតណាមួយជាមិនខាន ហើយប្រហែលជាមានការបើកភ្លើងខៀវពីលោក ឃឹមប៊ុនសុង អភិបាលខេត្តសៀមរាបផងដែរ។

អ្នកកាសែតជាច្រើនរូបនៅខេត្តសៀមរាបបានអះអាងថា លោកយិនថាវ តែងតែគំរាមគំហែងអ្នកកាសែតនៅពេលដែលអ្នកកាសែតទៅថតរថយន្តដឹកឈើ របស់ខ្លួន មិនថាដឹកតាមដងផ្លូវ ឬនៅកន្លែងស្តុកឈើដែលមានអាស័យដ្ឋានក្នុងភូមិអញ្ចាញ (ខាងត្បូងទ្រនប់អញ្ចាញ) សង្កាត់នគរធំ ក្រុងសៀមរាបនោះទេ។

លោក ផ្លុងរ៉េត ចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ បានអោយដឹងថា លោកយិនថាវធ្លាប់គំរាមគំហែងលោកតាមទូរស័ព្ទកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង១០និង៤០នាទីព្រឹក នៅពេលដែលមាន រឺម៉កដឹកឈើមុខកាត់ធំៗ របស់លោក  យិនថាវ បានដឹកចេញពីផ្ទះស្តុកឈើរបស់ខ្លួននៅភូមិអញ្ចាញខាងលើ យកមកលក់អោយ ដេប៉ូលក់ឈើដ៏មហិមាមួយដែលមានយីហោ ” ដេប៉ូផេមផាត់“ ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។លោកយិនថាវបានគំរាមលោកផ្លុងរ៉េតតាមទូរស័ព្ទថា ”ឈើ របស់អញ ហើយអញធ្លាប់ប្រកាសថា ផ្អាកដឹកមួយរយៈ វាយ៉ាងម៉េច ឯងចង់យ៉ាងមេចជាមួយអញ បើឈើហ្នឹងជារបស់អញមែន  ឯងចងសាកមើលជាមួយអញ់ឬ? អញ់ចង់ផ្អាកឬចង់ដឹកស្រេចតែអញ់“ រួចក៏បិតទូរស័ព្ទបាត់ទៅ។

លោក ដួងសម្ភស្ស អ្នកកាសែតខ្មែរម្ចាស់ស្រុកបានប្រាប់កម្ពុជាសុវណ្ណភូមិថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥វេលាម៉ោង១២និង១៦នាទីរសៀល មានរឺម៉កដឹកឈើចល័យចេញពីកន្លែងស្តុកឈើរបស់លោក យិនថាវ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប (ខាងត្បូងទ្រនប់អញ្ចាញ) តាមដងផ្លូវលេខ៦០ម៉ែត្រ យកមកលក់អោយ ដេប៉ួតារ៉េ ដែលស្ថិតនៅជាប់ផ្លូវ៦០ម៉ែត្រទល់មុខសារមន្ទីរក្រហម។ លោកដួងសម្ភស្សបានបន្តថា នៅពេលរូបគាត់តាមថតរឺម៉កដឹកឈើខាងលើនេះ ស្រាប់តែលោក យិនថាវ ចុះពីរថយន្តសាំងយ៉ុងពណ៍សមកស្តីបន្ទោសអោយរូបលោកថា ˝មេចឯងមក ថតធ្វើអីឈើជារបស់អាក្រាញ់ទេ ឯងមិនស្រណោះវាទេឬ? ហើយបើឯងមិនយល់មុខវា(អាក្រាញ់) ឯងក៏គួរតែយោគយល់អញ (យិនថាវ) ដែរ ព្រោះនៅខេត្តសៀមរាបសមត្ថកិច្ច មន្ត្រីជំនាញណា ក៏គេយោគយល់មុខអញដែរ˝។ លោកដួងសម្ភស្ស បានបន្ថែមថា លោកបានទូរស័ព្ទរាយការណ៍ជូនលោក ទាគឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ភ្លាមៗបន្ទាប់ពីឃើញសកម្មភាពដឹកឈើចល័តយ៉ាងគគ្រឹកគគ្រេងបែបនេះ តែលោក ទាគឹមសុទ្ធ ថាជាប់ប្រជុំរួចក៏បិទទូរស័ព្ទបាត់ទៅ។

លោក ប៉ាតសុខ ចាហ្វាងកាសែតព្រះច័ន្ទកម្ពុជា កាលពីព្រឹកថ្ងៃទី០៩ខែកក្កដា ឆ្នាំ២០១៦ត្រូវបានលោកយិនថា មេឈ្មួញដឹកឈើដុះស្លែខាងលើនេះជេរប្រមាថខណៈពេលដែលលោកជិះម៉ូតូតាមថត រូបឡានដឹកឈើរបស់លោកយិនថាវ ដែលដឹកចេញពីឃុំខ្វាវស្រុកជីក្រែងមកកាន់ភូមិអញ្ចាញ ឃុំនគរធំ ក្រុងសៀមរាប។ លោកប៉ាតសុខបានប្រាប់ទៀតថាលោកយិនថាវបានជេរលោកថា ˝អាសុខឯងពូកែទូរស័ព្ទចាក់រុកស្កឹសពីឡានដឹកឈើអញម្លេះអា! អាសុខអាកន្ទុយខ្វៀន គេដឹកដូចតែអញដែរមេចឯងមិនរករឿង អញ១អាទិត្យចេញតែ១ជើងក៏ឯងតាមចងកម្មចងពៀរដែរអាហា……។ល។លោក ប៉ាតសុខបានបន្ថែមថា លោក យិនថាវ បានជេរប្រមាថលោកហូរដូចទឹកជាច្រើនជាងនេះ ដែលលោកសុំអោយស្នងការខេត្តសៀមរាប អភិបាលខេត្តសៀមរាប លោកអគ្គស្នងការមេត្តា បកស្បែក លោក យិនថាវ ចោលទៅជៀសវាងខូចកិត្តិយសដល់ស្ថាប័នរបស់រដ្ឋ និងអាប់អោនកិត្តិយសដល់សម្តេចតេជោហ៊ុនសែន ដែលមានមន្ត្រីនគរបាលរកស៊ីបទល្មើសយ៉ាងដូច្នេះ។

សូមបញ្ជាក់ថា ឆ្នាំ២០១៦នេះ លោក យិនថាវ បានប្រើស្តាយថ្មីដោយយករថយន្តនីសាន់កែច្នៃតកន្ទុយអោយវែងដឹកឈើ ប្រណិត បង្កប់ក្រោមអុស បង្កប់ក្រោមសសរក្រាក់ៗ ឬយកស្លឹកឈើគ្របពីលើ។

ពលរដ្ឋ និងអ្នកកាសែតជាច្រើននាក់សូមអង្វរយ៉ាងទទួចទៅលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងសម្តេច សខេង ឧបនាយករដ្ឋមន្ត្រី មេត្តាចាត់ចែងលោក យិនថាវ សក្តិបួនកន្លះនាយរងការិយាល័យព័ត៌មាននៃស្នងការដ្ឋានខេត្តសៀមរាបផង ព្រោះដឹកតែឈើ ជល់តែមាន់ ស្ទើរមួយជិតទៅហើយ បែរជាតំឡើងបុណ្យសក្តិរហូត បើនៅតែដូច្នេះប្រទេសកម្ពុជាច្បាស់ជារលាយមិនខានឡើយ៕

ksnews_10072016_05

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com