ខេត្តកណ្តាល៖ តាមសេចក្តីរាយការណ៏អោយដឹងថាតាមរយៈអ្នកបម្រើការងារនៅតំបន់ច្រកអន្តរជាតិជ្រៃធំឲ្យដឹងថា រាល់ៗថ្ងៃនេះលោក មួង ដារ៉ា ប្រធានស្នាក់ការគយ និងរដ្ឋាករច្រកអន្តរជាតិជ្រៃធំកំពុងប្រព្រឹត្តអំពើពុករលួយយកមានបានពីមុខតំណែងនេះ មានន័យថា «ស៊ីនោះស៊ី មិនចេះឆ្អែតសោះហ្មង»។
ក្រុមមន្ត្រីទាំងនោះឲ្យដឹងថា លោក មួង ដារ៉ា មេគយច្រកជ្រៃធំសប្បាយស៊ីនោះ មិនមែនគាត់សង្វាតស៊ីផឹកនោះទេ គឺគាត់ស៊ីលុយពុករលួយ ពោលគឺគាត់កើបលុយពីឈ្មួញនាំចូលទំនិញខុសច្បាប់ និងបង់ពន្ធមិនគ្រប់ទាំងតូចទាំងធំនោះ ស៊ីយ៉ាងត្រជាក់មេជើងហ្មង។
ក្រុមមន្ត្រីទាំងឲ្យដឹងទៀតថា សព្វថ្ងៃនេះ សកម្មភាពក្រុមឈ្មួញបានដឹកជញ្ជូនទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ឆ្លងកាត់ច្រកជ្រៃធំ មកពីប្រទេសវៀតណាមប្រព្រឹត្តឡើងយ៉ាងអនាធិបតេយ្យ ហើយសកម្មភាពនេះ វាបានក្លាយជាប្រភពចំណូលយ៉ាងច្រើន និងមិនចេះរីងស្ងួតរត់ចូលហោប៉ៅ របស់ លោក មួង ដារ៉ា ប្រធានការិយាល័យគយប្រចាំច្រកជ្រៃធំ និងបក្ខពួកជំនិតៗរបស់គាត់។
ក្រុមមន្ត្រីតូចតាចខាងលើនោះនៅបានប្រាប់បន្តឲ្យដឹងទៀតថា លោក មួង ដារ៉ា បានកាន់តំណែងជាមេគយនៅច្រកនេះ ស្ទើរតែដុះស្លែទៅហើយ ដោយសារតែគាត់ចេះសែនគ្រប់សារពើទៅដល់អស់លោកមេគយថ្នាក់លើរៀងរាល់ខែ មិនដែលឲ្យរំលងឡើយ ហើយនាពេលបច្ចុប្បន្ននេះលោកមេគយ មួង ដារ៉ា រូបនេះក៏ស្ទើរក្លាយជាអ្នកមានទ្រព្យដ៏មហាសាលក្លាយទៅជាសេដ្ឋីប្រាក់រាប់រយលានដុល្លារទៅ ហើយ។
ក្រុមមន្ត្រីដដែលបានឲ្យដឹងទៀតថា ចាប់តាំងពីលោក មួង ដារ៉ា ឡើងកាន់តំណែងជាមេគយនៅច្រកអន្តរជាតិជ្រៃធំនេះមក គាត់តែងតែបានយកឥទ្ធិពលរបស់ថ្នាក់លើ មកបន្លាចក្រុមឈ្មួញឲ្យបង់លុយទៅតាមការទាមទារ ជាថ្នូរនៃការសម្របសម្រួលឲ្យមានការដឹកជញ្ជូនទំនិញឆ្លងកាត់ដោយរលូន មិនចាំបាច់ត្រួតពិនិត្យ ពោលគឺមួយរយៈពេលដែល លោក មួង ដារ៉ា ឡើងធ្វើជាមេគយ ប្រចាំច្រកជ្រៃធំ មិនថា តែមេឈ្មួញមានអំណាចស័ក្តិយសពាក់ផ្កាយធំៗ គឺត្រូវបានលំឱនខ្លួនសុំការយោគយល់ និងចែកផលប្រយោជន៍គ្នាដោយសន្តិវិធី ហើយអ្វីៗចេះស្ងាត់ៗ និងសុខស្រួលរហូតដល់សព្វថ្ងៃនេះ។
ក្រុមមន្ត្រីទាំងនោះបន្តទៀតថា ឈ្មួញទាំងតូចទាំងធំ ដែលរកស៊ីដឹកទំនិញ ឆ្លងកាត់ច្រកជ្រៃធំ មានទំនាក់ទំនងល្អ ជាមួយលោក មួង ដារ៉ា ដូចជា ឧត្តមសេនីយ៍មួយចំនួន ដែលនាំចូលប្រភេទគ្រឿងសំណង់ ដូចជា ស៊ីម៉ងត៍ ក្បឿង ឥដ្ឋការ៉ូ ដែក ទំនិញចាប់ហួយ និងថ្នាំពេទ្យ មេស្រា ត្រីសាច់ នោះ គឺមន្ត្រីគយរបស់លោក មួង ដារ៉ា បានជួយសម្របសម្រួល ក្រូមេឯកសារ ឲ្យក្រុមឈ្មួញនាំចូលទំនិញ បង់ពន្ធមិនគ្រប់បានយ៉ាងរលូន ហើយគេមិនដែលឃើញ លោក មួង ដារ៉ា បង្ក្រាបទំនិញគេចពន្ធម្តងណាឡើយ ដោយឃើញតែបង្ក្រាបសត្វព្រៃដូចជា អណ្តើក កន្ធាយ ពស់ រួចហើយហៅអ្នកការសែតទៅថតបង្ហាញស្នាដៃ។ ប៉ុន្តែការបង្ក្រាបសត្វព្រៃទាំងនោះ បានមកពីពួកឈ្មួញចរចាតម្លៃមិនត្រូវគ្នាទើបគាត់ចាប់ ហើយថតបង្អួតថ្នាក់លើ។
ប្រភពខាងលើឲ្យដឹងទៀតថា ក្រៅពីទំនិញខាងលើលោកមួង ដារ៉ា បានឲ្យមន្ត្រីថ្នាក់ក្រោម ដែលគេដឹងថាជាមនុស្សជំនិតរបស់គាត់ទៅឃុបឃិតជាមួយឈ្មួញ ឲ្យមានការហូរចូលជ្រូកក្រហម ឬជ្រូកត្រចៀកខៀវ មាន់ ទា ត្រីឆ្តោ និងម្ហូបអាហារ មានសារធាតុគីមី មកពីប្រទេសវៀតណាម តាមច្រករបៀងក្នុងស្រុកកោះធំ យ៉ាងប្រសេកប្រសាច ហើយសកម្មភាពនេះ គឺជាប្រភពចំណូលចូលហោប៉ៅយ៉ាងធំសម្រាប់ជំនាញគយរបស់លោក មួង ដារ៉ា ដោយគាត់មិនខ្វល់ខ្វាយចំពោះកំណែទម្រង់គយ ឬការរិះគន់អ្វីឡើយ ។ នេះទំនងជាលោក មួង ដារ៉ា បានបោះទុនទប់មុខតំណែងរហូតមានប្លង់រឹងទៀតផង ទើបគាត់បានតំណែងច្រកនេះឡើងដុះស្លែទៅហើយ។ សូម្បីតែលោក គុណ ញឹម អគ្គនាយកគយក៏មិនហ៊ានក្អកជាមួយលោក មួង ដារ៉ា នោះទេ គឺលោក មួង ដារ៉ា ធ្វើការអាងឥទ្ធពលមេចាស់ និងមានខ្នងបង្អែកច្រើនទៀត៕