ក្រសួងធនធានទឹក និងឧតុនិយម ឲ្យដឹងថា ចាប់ពីថ្ងៃទី១៦ ខែតុលា តំបន់ឆ្នេរ និងខេត្តមួយចំនួន នឹងរងឥទ្ធិពលព្យុះទី២៥ ឈ្មោះ ណារិ(NARI) ដែលបាននឹងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង ចម្ងាយប្រមាណ៧០ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រប្រទេសវៀតណាមភាគកណ្ដាល។
សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចុះថ្ងៃទី ១៤ ខែតុលា ឲ្យដឹងថា ដំណើរព្យុះ ណារិ នឹងមកដល់តំបន់ឆ្នេរសមុទ្រកម្ពុជា ដោយធ្វើឲ្យមានកម្រិតភ្លៀង ធ្លាក់ពី មធ្យមទៅបង្គួរ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ១៨ ខែតុលា។ ខេត្តមួយចំនួន ដែលរងឥទ្ធិពល មានដូចជាខេត្តព្រះវិហារ មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ កំពង់ចាម កំពង់ធំ ព្រៃវែង ស្វាយរៀង កែប កំពត និងខេត្តព្រះសីហនុ។
រលកសមុទ្រ នឹង មានកម្ពស់ពី០១ ម៉ែត្រ ទៅ០២ ម៉ែត្រ ហើយឥទ្ធិពលរបស់ព្យុះណារិ នឹងធ្វើឲ្យទឹកទន្លេមេគង្គកើនឡើងបន្តិចបន្ដួចផងដែរ។
ក្រសួងធនធានទឹក អំពាវនាវឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សាធារណជន ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើង ជាយថាហេតុ៕