ដំណឹងដែលមន្ត្រីជលផលតូចតាចមួយចំនួនបាននិយាយថា លោក សេង ធីម មានមហិច្ឆតាធំណាស់ កំពុងរត់រកខ្សែទុយោ និងចំណាយលុយយ៉ាងច្រើន ដើម្បីរត់ការជ្រែយកតំណែងជានាយខណ្ឌជលផលខេត្តកណ្តាល ជំនួសលោក ឃ្លាំង វណ្ណធុល គួរឲ្យភ្ញាក់ផ្អើលបំផុត ប៉ុន្តែគេមិនច្បាស់ទេថា លោក សេង ធីម ដែលមានទ្រព្យសម្បត្តិតិចតួចជាងលោក ឃ្លាំងវណ្ណធុល អាចរត់ការឡើងតំណែងដែលគាត់ស្រមៃចង់បាននោះសម្រេចជោគជ័យឬក៏យ៉ាងណានោះទេ?។
លោក សេង ធីម មានទេពកោសល្យយ៉ាងពិសេសក្នុងការប្រមូលលុយពីបទល្មើសជលផល តាមរយៈការឃុបឃិតឲ្យក្រុមឈ្មួញទាំងតូចទាំងធំ ដឹកជញ្ជូនត្រីឆ្តោ ត្រីរ៉ស់ ដោយខុសច្បាប់មកពីស្រុកយួនតាមច្រកជ្រៃធំ យកមកលក់ចែកចាយតាមយឿ ជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ ជាពិសេសយឿច្បារអំពៅ។ សម្រាប់ប្រជាពលរដ្ឋដែលរកស៊ីដឹកជញ្ជូនត្រីតាមម៉ូតូ យកមកលក់តាមទីផ្សារក៏រងនូវការគាបជំរិតឲ្យបង់លុយពីមន្ត្រីជំនាញជលផលក្រោមបញ្ជាលោក សេង ធីម ផងដែរ ក្រោមហេតុផលឆែកឆេរត្រួតពិនិត្យលិខិតស្នាមអនុញ្ញាត ហើយបង្ខំឲ្យអ្នករកស៊ីដឹកជញ្ជូនត្រីតូចតាចបង់លុយតាមម៉ូតូ ចាប់ពី ៥ម៉ឺនដល់១០ម៉ឺនរៀលគ្មានការយោគយល់នោះទេ ប៉ុន្តែសម្រាប់ឈ្មួញធំៗជាច្រើន ដែលជ្រកក្រោមស្បែកជាអង្គរក្ស អាចរកស៊ីដឹកជញ្ជូនត្រីតាមរថយន្តកូរ៉េ ចំណុះ៥តោន យ៉ាងអនាធិបតេយ្យបំផុត។
ដោយឡែក លោក សេង ធីម ក៏បានចាត់តាំងមន្ត្រីក្រោមឱវាទរបស់ខ្លួនឲ្យចុះប្រមូលលុយពីក្រុមឈ្មួញដែលរកស៊ីចិញ្ចឹមត្រីឆ្តោតាមបែ និងតាមស្រះរាប់រយកន្លែងនៅក្នុងស្រុកកោះធំ ស្រុកស្អាង ខេត្តកណ្តាល ទើបគ្មានវិធានការបង្ក្រាប ហើយគេដឹងថា គ្រាន់តែនុយសម្រាប់ការចិញ្ចឹមត្រីឆ្តោ ដោយខុសច្បាប់ នៅក្នុងស្រុកស្អាង ត្រូវចំណាយយ៉ាងហោចណាស់ ក្នុងមួយថ្ងៃជាង២០តោនឯណោះ។ ដោយសារតែភាពអនាធិបតេយ្យនៃការចិញ្ចឹមត្រីឆ្តោខុសច្បាប់ រាប់រយកន្លែង ដែលក្នុងស្រះ ឬបែមួយចំនួន មានកូនត្រីឆ្តោ ចាប់ពី ៧ម៉ឺនទៅ២០ម៉ឺនក្បាល បង្កើតឲ្យមានការដាក់សៃយ៉ឺន ស្បៃមុង យ៉ាងគគ្រឹកគគ្រេង តាមព្រែក បឹងបួ ដើម្បីចាប់កូនត្រីយកទៅធ្វើជានុយសម្រាប់ការចិញ្ចឹមត្រីឆ្តោ ដ៏អនាធិបតេយ្យទាំងនោះ បង្កើតជាបទល្មើសនេសាទ បំផ្លាញធនធានមច្ឆជាតិធ្ងន់ធ្ងរ គួរឲ្យព្រួយបារម្ភបំផុត។
គេកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ថាតើប្រធានរដ្ឋបាលជលផលលោក ណៅ ធួក និងលោកអ៊ុក រ់ាប៊ុន ជារដ្ឋមន្ត្រីក្រសួងកសិកម្មទើបឡើងតំណែងថ្មីថ្មោងនឹង មានចំណាត់ការយ៉ាងណាចំពោះមន្ត្រីពុករលួយ ដែលឃុបឃិតគ្នា បើកដៃឲ្យមានការចិញ្ចឹមត្រីឆ្តោខុសច្បាប់ និងបទល្មើសនេសាទយ៉ាងពេញបន្ទុកនៅក្នុងស្រុកស្អាងនិងស្រុកកោះធំ។
មន្ត្រីតូចតាចមួយចំនួនបានធ្លោយឲ្យដឹងថាសិទ្ធិអំណាចរបស់លោក សេង ធីម បានឃុបឃិតឲ្យក្រុមឈ្មួញចិញ្ចឹមត្រីឆ្តោដោយខុសច្បាប់ នៅក្នុងស្រុកស្អាង និងស្រុកកោះធំ នៅតាមបែ និងស្រះរាប់រយកន្លែង ចុះទម្រាំលោក សេង ធីម ឡើងធ្វើជានាយខណ្ឌរដ្ឋបាលជលផលតាមរយៈការជ្រែយកតំណែង ឬការប៉ែងជើង លោក ឃ្លាំង វណ្ណធុល តើបទល្មើសនៃការចិញ្ចឹមត្រីឆ្តោខុសច្បាប់ ក៏ដូចជាបទល្មើសនេសាទនៅទូទាំងខេត្តកណ្តាលកើនឡើងដល់កម្រិតណា ៕