មុនពេលឡើងធ្វើជាអភិបាលខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា បានធ្វើជាអភិបាលរងខេត្តសៀមរាប ហើយក្រោយពេលលោក ព្រាប តាន់ បានទទួលមរណភាពដោយជំងឺ គេសង្កេតឃើញលោក អ៊ុំ ម៉ារ៉ា រត់រកខ្សែទុយោ ជ្រែយកតំណែងជាអភិបាលខេត្តព្រះវិហារ ដោយចំណាយប្រាក់អស់ច្រើនសន្ធឹកសន្ធាប់ ពោលគឺមុនពេលចេញដំណើរទៅទទួលតំណែងជាអភិបាលខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា គ្មានរថយន្តទំនើបជិះទេ បានទៅទាក់ទងឧត្តមសេនីយ៍ម្នាក់ឲ្យជួយធានាក្នុងការខ្ចីរថយន្តឈ្មួញម្នាក់មកប្រើប្រាស់ ទើបបង់លុយរំលស់តាមក្រោយ។ លោក អ៊ុំ ម៉ារ៉ា បានចូលកាន់តំណែងជាអភិបាលខេត្តព្រះវិហារ ក៏បង្កើតឲ្យមានភាពមិនប្រក្រតីជាច្រើន ដូចជាការលក់ទ្រព្យសម្បត្តិរដ្ឋ និងការឃុបឃិតជាមួយក្រុមហ៊ុនមួយចំនួនដែលដេកម៉ៅការចងមុងជាមួយសាលាខេត្ត រហូតដល់បែកគំនិតឃុបឃិតគ្នាលក់ដីទីស្នាក់ការគណបក្សប្រជាជន ទំហំ ៥៥ម៉ែត្រគុណនឹង៧៥ម៉ែត្រ នៅទល់មុខមន្ទីរប្រៃសណីយ៍ខេត្ត ក្នុងភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារផងដែរ ហើយបើនិយាយពីជំនួញឈើខុសច្បាប់របស់ក្រុមឈ្មួញធំៗវិញ ក៏ដូចជាបញ្ហាដីធ្លីក៏លោក អ៊ុំ ម៉ារ៉ា អាចប្រមូលបានផលប្រយោជន៍ច្រកហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងរលូនល្អ។
មជ្ឈដ្ឋានមន្ត្រីរាជការ និងប្រជាពលរដ្ឋដែលធ្លាប់ស្គាល់ប្រវត្តិលោក អ៊ុំ ម៉ារ៉ា ជាអភិបាលខេត្តព្រះវិហារ បានសម្តែងការងឿងឆ្ងល់គ្រប់ៗគ្នា អំពីការផ្លាស់ប្តូរជីវភាពថ្មី និងភាពមានបានយ៉ាងឆាប់រហ័សរបស់លោក អ៊ុំ ម៉ារ៉ា ហើយគេចាំបានថា នៅពេលឡើងធ្វើជាអភិបាលខេត្តព្រះវិហារភ្លាមៗ លោក អ៊ុំ ម៉ារ៉ា បានយករថយន្តទំនើបរបស់ឈ្មួញដ៏មានអំណាចម្នាក់ទៅប្រើប្រាស់ ដោយមិនទាន់បង់លុយ ដែលភាសាសាមញ្ញគេអាចនិយាយថា ខ្ចីឡានគេជិះសិន ព្រោះមិនទាន់មានលុយទិញឡានទំនើប។ ប៉ុន្តែដើម្បីភាពហ៊ឺហាក្នុងតំណែងជាអភិបាលខេត្ត លោក អ៊ុំ ម៉ារ៉ា ត្រូវបង្ខំចិត្តធ្វើបែបនេះ ហើយប៉ុន្មានឆ្នាំក្រោយមក គេល្បីខ្ទ័រខ្ទារពេញខេត្តព្រះវិហារថា លោក អ៊ុំ ម៉ារ៉ា បានអភិវឌ្ឍន៍ជីវភាពគ្រួសារ យ៉ាងឆាប់រហ័ស រហូតមកដល់ពេលនេះសល់លុយសង់វីឡាជាច្រើនកន្លែងឯណោះ។