សេចក្តីរាយការណ៍ពីខេត្តកំពង់ចាមបានឲ្យដឹងថា មន្ត្រីជំនាញពេទ្យសត្វ ក្រោមការគ្រប់គ្រងរបស់លោក នង ម៉េងហៀង កំពុងសុខស្រួលក្នុងការដាក់ប៉ុស្តិ៍ជជុះគាបជំរិតបង្ខំឲ្យក្រុមអ្នករកស៊ីដឹកជញ្ជូនសត្វស៊ុត មកពីស្រុកយួន បង់លុយតាមតែអំពើចិត្ត ហើយប៉ុស្តិ៍ជជុះរបស់ជំនាញពេទ្យសត្វខេត្តកំពង់ចាម កំពុងធ្វើសកម្មភាពដូចក្រុមសង្គមងងឹតចាំប្រដេញស្ទាក់ចាប់ឡានដឹកជ្រូក មាន់ ស៊ុត បង្ខំឲ្យបង់លុយទៅតាមតែបបូរមាត់របស់ពួកគេ។
ប៉ុស្តិ៍ជជុះរបស់ពេទ្យសត្វនៅទូទាំងខេត្តកំពង់ចាមស្ថិតក្រោមការបញ្ជាផ្ទាល់របស់លោក រី ដាវីន ជាអនុប្រធានពេទ្យសត្វខេត្តកំពង់ចាមឡើងដុះស្លែទៅហើយ ពោលគឺលោក រី ដាវីន បានក្លាយទៅជាគ្រាប់ពេជ្រដ៏មានតម្លៃ សម្រាប់មេពេទ្យសត្វ និងប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម ដោយសារតែគាត់ពូកែរកលុយយកទៅសែនព្រេនថ្នាក់លើ មិនដែលទើសចិត្តម្តងណាឡើយ។ ប៉ុស្តិ៍ជជុះរបស់ជំនាញពេទ្យសត្វនៅក្នុងខេត្តកំពង់ចាម បានដាក់នៅចំណុចមុខវត្តទួលទ្រាកែងប្រធាតុ និងនៅជិតស្ពានវត្តឃ្មង់ដែលនៅទីនោះមានការតាំងរថយន្តសម្រាប់ប្រដេញតាមចាប់ឡានដឹកជញ្ជូនសត្វ ដែលភ្លេចចូលបង់លុយយកទៅពិន័យ ១គុណនឹង៣ឯណោះ។ មិនថាយប់ឬថ្ងៃនោះទេ គេសង្កេតឃើញលោក រី ដាវីន បានបើករថយន្តល្បាតតាមដងផ្លូវដើម្បីត្រួតពិនិត្យកម្លាំងរបស់គាត់ និងតាមឃ្លាំមើលសកម្មភាពដឹកជញ្ជូនជ្រូក មាន់ ស៊ុត របស់ក្រុមឈ្មួញមួយចំនួន។ ដូច្នេះដើម្បីកុំឲ្យមានការរំខានសម្រាប់សកម្មភាពដឹកជញ្ជូនសត្វខុសច្បាប់មកពីស្រុកយួន ក្រុមឈ្មួញទាំងតូចទាំងធំចាំបាច់ត្រូវតែមានទំនាក់ទំនងល្អនិងជូនដំណឹងជាមុនមកកាន់លោក រី ដាវីន ឬលោក នង ម៉េងហៀង ទើបគ្មានឧបសគ្គរំខាននៅតាមដងផ្លូវ។
ការដឹកជញ្ជូន ជ្រូក មាន់ ស៊ុត មកពីស្រុកយួន ក៏រងនូវការគាបសង្កត់បង្ខំឲ្យបង់លុយដោយគ្មានការយោគយល់ ពីសំណាក់មន្ត្រីជំនាញពេទ្យសត្វ ហើយសម្រាប់ការដឹកជញ្ជូន គោ ក្របី មកពីខេត្តកំពង់ធំ ខេត្តព្រះវិហារ ឆ្លងកាត់ទឹកដីខេត្តកំពង់ចាម ដើម្បីនាំទៅលក់នៅស្រុកយួន ដែលសត្វខ្លះមានជំងឺ គ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ឬបំពានទៅលើសិទ្ធិនាំចូលផ្តាច់មុខរបស់ក្រុមហ៊ុនស្របច្បាប់ រងនូវការកោសរូសបង្ខំឲ្យបង់ប្រាក់ក្នុងកម្រិតខ្ពស់ពីជំនាញពេទ្យសត្វរបស់លោក នង ម៉េងហៀង។ គេដឹងបានថា លោក រីដាវីន មានជំនាញច្បាស់លាស់ក្នុងការក្តោបក្តាប់មុខសញ្ញាក្រុមឈ្មួញ គឺឈ្មួញតូចតាចជាច្រើនត្រូវបង់លុយប្រចាំជើង ហើយសម្រាប់ក្រុមឈ្មួញរកស៊ីដឹក ជញ្ចូនគោក្របីធំៗក៏ត្រូវជាប់កាតព្វកិច្ចបង់លុយប្រចាំខែ ជូនជំនាញពេទ្យសត្វរបស់លោក នង ម៉េងហៀង ផងដែរ រឿងនេះគេមិនដែលឃើញលោក គឹម សារឿន ដែលជាប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម យកចិត្តទុកដាក់ពីភាពអសកម្មរបស់ជំនាញពេទ្យសត្វម្តងណាឡើយ។
គេកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ថាតើសកម្មភាពដាក់ប៉ុស្តិ៍ជជុះ និងគាបជំរិតក្រុមអ្នករកស៊ីដឹកជញ្ជូនសត្វរបស់មន្ត្រីជំនាញពេទ្យសត្វខេត្តកំពង់ចាម ដែលកំពុងតែសុខស្រួលក្នុងការប្រមូលលុយពីបទល្មើសយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនត្រូវលោក ឱម យ៉ិនទៀង ចាត់វិធានការស៊ើបអង្កេតនៅពេលណា ហើយប្រសិនបើគ្មានចំណាត់ការជាក់លាក់ពីអង្គភាពប្រឆាំងអំពើពុករលួយទេនោះ គេយល់ថា មន្ត្រីជំនាញពេទ្យសត្វខេត្តកំពង់ចាម ពិតជាមិនព្រមភ្ញាក់រលឹកលះបង់អំពើអាក្រក់របស់ខ្លួនដោយងាយៗ ឡើយ។ យ៉ាងណាក៏ដោយគេរំ ពឹងទៅលើគោលការណ៍កែទម្រង់របស់លោក អ៊ុក រ៉ាប៊ុន ថាតើមានឆន្ទៈពិតប្រាកដក្នុងការបោសសម្អាតភាពអនាធិបតេយ្យនិង អំពើពុករលួយរបស់មន្ត្រីជំនាញពេទ្យសត្វខេត្តកំពង់ចាម ឲ្យមានប្រសិទ្ធភាព ឬក៏អត់ព្រោះថារឿងសំខាន់អាស្រ័យទៅលើឆន្ទៈ ថាតើចង់ធ្វើឬមិនចង់ធ្វើ។ ប្រជាពលរដ្ឋបានលើកឡើងថា ក្នុងក្រសួងកសិកម្មមានអង្គភាពចំ នួន៣ ដែលពុករលួយតាមជំនាញ គឺផ្នែកពេទ្យសត្វ ផ្នែកជលផល និងផ្នែករុក្ខប្រមាញ់ គឺមន្ត្រីទាំង៣ផ្នែកនេះមានវប្បធម៌ពុករលួយឡើងដុះស្លែទៅហើយ មិនងាយកែចរិតពួកគេបានទេ៕
បើទោះបីជាមានការផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងកសិកម្ម ដោយសារតែមានភាពអសកម្មជាច្រើនកើតឡើងរួចហើយក៏ដោយ ប៉ុន្តែសកម្មភាពរបស់មន្ត្រីពេទ្យសត្វ របស់លោក នង ម៉េងហៀង ក្នុងខេត្តកំពង់ចាម នៅតែមានភាពអនាធិបតេយ្យដដែល មិនទាន់មានការកែទម្រង់នោះទេ ហើយគេចង់ឃើញលោក អ៊ុក រ៉ាប៊ុន ជារដ្ឋមន្ត្រីក្រសួងកសិកម្មទើបឡើងតំណែងថ្មីថ្មោងពិនិត្យមើលភាពអសកម្មរបស់មេពេទ្យសត្វខេត្តកំពង់ចាម ឡើងវិញផងព្រោះបច្ចុប្បន្ននេះគេសង្កេតឃើញមានការលួចនាំចូល មាន់ ជ្រូក មកពីស្រុកយួនយ៉ាងអនាធិបតេយ្យ ហើយម្ចាស់សត្តឃាតដ្ឋានមួយចំនួនបានគាបជំរិត បង្ខំឲ្យអាជីវករបង់លុយលើសពីសៀវភៅបន្ទុកគ្មាននរណាជួយរកខុសត្រូវឲ្យពួកគាត់ទេ។