0

លោក ឈួន ហៃ មិនញញើតចំណាត់ការអង្គភាពប្រឆាំងអំពើពុករលួយ

ក្រុងប៉ោយប៉ែត  លោក ឈួន ហៃ ក្នុង​អំណាច​ជា​ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ប្រចាំ​ច្រក​អន្តរជាតិ ប៉ោយប៉ែត ​ចាត់តាំង​មន្ត្រី​ជំនិតៗ​របស់គាត់​ឲ្យ​ចេញ​ប្រមូល​លុយ​គ្រប់ ច្រកល្ហក​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន មិនទាន់​ព្រឺរោម​ជើង​ចំពោះ​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ សូម្បីតែ​បន្តិច​។ មកដល់ពេលនេះ​គេ​មិនដែល​ឃើញ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ចាត់វិធានការ ស៊ើបអង្កេត​ភាពមិនប្រក្រតី​របស់​ម​ន្ត្រី​គយ​នៅ​ច្រក​ប៉ោយប៉ែត​ម្តងណា​ឡើយ ទើប​មន្ត្រី​គយ​អស់ទាំងនោះ​ចេះតែ​មានឱកាស​ប្រព្រឹត្ត​ខុសឆ្គង​ម្តង​ហើយ ម្តងទៀត​។

លោក ឈួន ហៃ បាន​ចាត់តាំង​មន្ត្រី​ជំនិត​របស់គាត់​២​នាក់ ឲ្យ​ចេញ​ធ្វើ​សកម្មភាព​ប្រមូល​លុយ​តាម​គ្រប់​មធ្យោបាយ គឺមាន​លោក មុយ បញ្ញា​រិ​ទ្ធ ជា​មេ​គយ​ចល័ត​ឈរជើង​នៅ​ចំណុច​កូនដំរី និង​លោក លី ប៊ុន​សុង ជា​អនុប្រធាន​ការិយាល័យ​គ​យ​និង​រដ្ឋាករ​ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ​មន្ត្រី​២​នាក់​នេះ មាន​ជំនាញ​ប្រមូល​លុយ​យកទៅ​ជូន​លោក ឈួន ហៃ តាម​ផែនការ​មិនដែល​ទើសចិត្ត​ម្តងណា​ឡើយ​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​យក​ខេត្តបន្ទាយមានជ័យ​ធ្វើជា​គោលដៅ​ដែល ត្រូវ​លុបបំបាត់​អំពើពុករលួយ​ជា​គំរូ​មុនគេ ប៉ុន្តែ​លោក ឈួន ហៃ មិនដែល​ព្រឺ​រោមជើង​ចំពោះ​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ម្តងណា​ឡើយ ក៏​ព្រោះតែ​មកដល់​ម៉ោង​នេះ លោក ឱម យ៉ិនទៀង មិនទាន់បាន​ចាប់​ឃាត់ខ្លួន​មន្ត្រី​គយ​ណា​ម្នាក់​យកទៅ​ផ្តន្ទាទោស ឲ្យ​ដូច​ការព្រមាន​នៅឡើយ​ទេ​។

សកម្មភាព​របស់លោក មុយ បញ្ញា​រិ​ទ្ធ បច្ចុប្បន្ននេះ​កំពុង​បង្ក​ព្យុះភ្លៀង​គ្រប់​ទីកន្លែង​នៅ​ក្រុង​ប៉ោយប៉ែត ហើយ​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ក្រុង​ប៉ោយប៉ែត តាម​ច្រករបៀង សុទ្ធ​តែមាន​ទំនាក់ទំនង​ល្អជា​មួយ​លោក មុយ បញ្ញា​រិ​ទ្ធ នាំ​ឲ្យ​គាត់​អាច​បង្ក​ព្យុះភ្លៀង​តាមតែ​អំពើ​ចិត្ត ឲ្យ​ឈ្មួញ​រាប់រយ​នាក់​ដែល​រកស៊ី​នាំចូល​ទំនិញ​មិន​ប្រក្រតី ក្នុងពេល​បច្ចុប្បន្ននេះ សុទ្ធតែ​មានការ​ត្រូវរ៉ូវ​និង​បង់លុយ​ប្រចាំខែ​ជូន​លោក មុយ បញ្ញា​រិ​ទ្ធ ទើប​ការរកស៊ី​ដឹកជញ្ជូន​ទំនិញ​របស់​ពួកគេ​មិនត្រូវ​បាន​រំខាន​។ លោក មុយ បញ្ញា​រិ​ទ្ធ ក៏មាន​ជំនាញ​ប្រមូល​ឈ្មួញ​ធំៗ​រកស៊ី​នៅ​ក្រុង​ប៉ោយប៉ែត​ឲ្យ​ចូលខ្លួន​ទៅ បង់លុយ​ជូន​លោក ឈួន ហៃ ជាប់​ជាប្រចាំ​ហើយ​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​នេះ​មានការ​បង់លុយ ក្រៅផ្លូវការ​ច្រើនសន្ធឹក​សន្ធាប់ គឺជា​អំពើពុករលួយ​ដែល​កើតមាន​ជា​លក្ខណៈ​ប្រព័ន្ធ​យូរយារ​មកហើយ។

ដោយឡែក​លោក លី ប៊ុន​សុង ដែលជា​អនុប្រធាន​ការិយាល័យ​គ​យ​ប្រចាំ​ច្រក​ប៉ោយប៉ែត ក៏​ជាម​នុស្ស​ជំនិត​បំផុត​របស់លោក ឈួន ហៃ ហើយក៏​ជាម​ន្ត្រី​គយ​ដែលមាន​រឿងអាស្រូវ​ច្រើនជាងគេ ដូចជា​ករណី​ប្រើ​អំពើហិង្សា​វាយ​ទាត់​ធាក់​លើ​កូនក្មេង និង​គំរាម​ប្រើ​អំពើហិង្សា​ទៅលើ​កម្មករ​អូស​រទេះដឹក​ទំនិញ​យ៉ាង​អសីលធម៌ ក៏​ជា​អ្នកប្រមូល​លុយ​យកទៅ​ជូន​លោក ឈួន ហៃ យ៉ាងសកម្ម​ផងដែរ​។ លោក  លី ប៊ុន​សុង ទទួលបន្ទុក​ការងារ​ត្រួតពិនិត្យ​និង​ទំនាក់ទំនង​ផលប្រយោជន៍​ជាមួយ​ក្រុម ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ចេញចូល តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ហើយ​កន្លងមក លោក លី ប៊ុន​សុង ធ្លាប់​ធ្វើជា​អ្នក​បង្ក្រាប​ទំនិញ​ផង និង​ជា​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ខ្លួនឯង​ផង គឺ​ដឹក​តាម​រថយន្ត​ផ្ទាល់ខ្លួន​របស់គាត់​ចូល​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ។

លោក លី ប៊ុន​សុង គឺជា​ជើង​ខ្លាំង​ក្នុងការ​ជ្រែ​ទំនិញ​មានតម្លៃ​ឆ្លងកាត់​ច្រក​អន្តរជាតិ ប៉ោយប៉ែត ក៏​ព្រោះតែ​លោក លី ប៊ុន​សុង មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សមត្ថកិច្ច​នៅ​ស្រុកថៃ ដែល​តែងតែ​ពឹង​អាស្រ័យ​គ្នា​ទៅវិញទៅមក ក្នុងការ​ជ្រែ​ទំនិញ​ឆ្លងកាត់​ច្រកព្រំដែន ហើយ​ឈ្មួញ​ជាច្រើន​សុទ្ធតែ​បាន​ស្គាល់​សារជាតិ​របស់​ជំនាញ​គយ ដែល​ស្រេកឃ្លាន​តែ​អំពើពុករលួយ ហើយ​ពួកគេ​មិនដែល​ខ្វល់ខ្វាយ​ពី​ការខាតបង់​ចំណូល​ថវិកាជាតិ​នោះទេ​។ កាលពី​សម័យ​ដែល​លោក ជួប អេ​ន ធ្វើជា​ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រក​ប៉ោយប៉ែត ហើយ​លោក ឈួន ហៃ គឺជា​អនុប្រធាន ទាំង​លោក លី ប៊ុន​សុង និង​លោក មុយ បញ្ញា​រិ​ទ្ធ មិនសូវ​ផ្តល់​តម្លៃ​ឲ្យ​លោក ឈួន ហៃ ប៉ុន្មាន​ទេ ប៉ុន្តែ​ចាប់តាំងពី​លោក ឈួន ហៃ មាន​យីអ៊ុន​ឡើង​ធ្វើជា​ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រក​ប៉ោយប៉ែត គឺ​លោក មុយ បញ្ញា​រិ​ទ្ធ និង​លោក លី ប៊ុន​សុង បាន​បន្ទន់ឥរិយាបថ ក្លាយខ្លួនជា​មនុស្ស​ជំនិត​បំផុត​ក្នុង​ការប្រមូល​លុយ​យកទៅ​ជូន​លោក ឈួន ហៃ រាល់ថ្ងៃ​៕

g579_1993972f79a5cac134b659fffaef23e3

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com