សេចក្តីរាយការណ៍ពីខេត្តកំពង់ស្ពឺ បានឲ្យដឹងថាបច្ចុប្បន្ននេះលោកញ៉ែម សៅ បានពង្រាយ មន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ ឲ្យចុះដាក់ប៉ុស្តិ៍ជជុះនៅចំណុចផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៣ និងចំណុចផ្លូវមកពីភ្នំឱរ៉ាល់ ដែលមានសកម្មភាពដឹកជញ្ជូនឈើយ៉ាងមមាញឹក ហើយនគរបាលសេដ្ឋកិច្ចរបស់លោកញ៉ែម សៅ បានដាក់រថយន្ត នៅលើដងផ្លូវត្រៀមចាំប្រដេញឡានដឹកទំនិញនិងឡានដឹកឈើឲ្យចូលបង់លុយ តាមតែអំពើចិត្ត គឺសកម្មភាពនេះផ្ទុយពីបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ដែលបានចាត់តាំងឲ្យនគរបាលសេដ្ឋកិច្ចចូលរួមបង្ការបង្ក្រាបបទល្មើស មិនមែនឲ្យទៅដាក់ប៉ុស្តិ៍ដើម្បីរាប់ក្បាលឡានដឹកឈើ ឬឡានដឹកទំនិញយកលុយនោះទេ។ ដោយឡែក ការដាក់រថយន្តចាំប្រដេញ ឡានដឹកឈើឲ្យចូលបង់លុយ គឺជារឿងខុសឆ្គងខ្លាំងបំផុត ដែលពេលខ្លះការបើកប្រដេញឡានដឹកឈើបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរហើយពេលខ្លះទៀតក៏មានការផ្ទុះអាវុធ ធ្វើឲ្យពលរដ្ឋភ័យខ្លាចយ៉ាងខ្លាំង ដែលទាមទារឲ្យអគ្គស្នងការនគរបាលជាតិ ត្រួតពិនិត្យមើលភាពអនាធិបតេយ្យនៃនគរបាលសេដ្ឋកិច្ចរបស់លោក ញ៉ែម សៅ ឡើងវិញជាបន្ទាន់ផងដែរ។
ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ សម្បូរទៅដោយក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ គឺមានទាំងឈើប្រភេទលេខ២ ដែលបានមកពីការកាប់បំផ្លាញព្រៃឈើនៅតាមតំបន់អភិរក្ស និងតំបន់ព្រៃសហគមន៍ ហើយក្នុងនោះក៏មានការដឹកជញ្ជូនប្រភេទឈើប្រណីត និងឈើគ្រញូងមានតម្លៃឆ្លងកាត់ខេត្តកំពង់ស្ពឺទាំងយប់ទាំងថ្ងៃ។
នៅតាមបណ្តោយផ្លូវជាតិលេខ៤ ឯណោះវិញ ក៏មានសកម្មភាពដឹកជញ្ជូនទំនិញគេចពន្ធយ៉ាងមមាញឹក មកពីខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលក្រុមឈ្មួញតែងតែរក្សាទំនាក់ទំនងល្អជាមួយនគរបាលសេដ្ឋកិច្ចរបស់លោក ញ៉ែម សៅ ដែលបានដាក់ប៉ុស្តិ៍ជជុះនៅតាមដងផ្លូវចាំរាប់ក្បាលឡានយកលុយ គឺគេមិនដែលខ្វល់ខ្វាយពីការដឹកជញ្ជូនទំនិញគេចពន្ធឬទំនិញខុសច្បាប់នោះទេ ធ្វើយ៉ាងណាឲ្យតែក្រុមឈ្មួញចូលបង់លុយ។
យ៉ាងណាក៏ដោយ គេចង់ឃើញថ្នាក់លើចុះត្រួតពិនិត្យភាពអនាធិបតេយ្យនិងភាពអសកម្មដែលនគរបាលសេដ្ឋកិច្ចរបស់លោក ញ៉ែម សៅ កំពុងប្រព្រឹត្តឡើងវិញផង ព្រោះអគ្គស្នងការនគរបាលជាតិ បានព្រមានឲ្យមន្ត្រីនគរបាលទាំងអស់រក្សាឲ្យបាននូវវិន័យ និងសេចក្តីថ្លៃថ្នូរ មិនធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋ ហើយត្រូវធ្វើការងារបម្រើជាតិឱ្យបានត្រឹមត្រូវ៕