ប្រជាពលរដ្ឋ និងមន្ត្រីរាជការនៅទូទាំងស្រុករវៀង បានលើកឡើងថា ទីតាំងរោងសិប្បកម្មកែច្នៃឈើប្រណីតខុសច្បាប់មួយកន្លែងកំពុងធ្វើសកម្មភាពទ្រង់ទ្រាយធំ មានការប្រមូលទិញឈើប្រណីតប្រភេទបេង ធ្នង់ នាងនួន យកទៅកែច្នៃ ដើម្បីដឹកយកមកលក់នៅរាជធានីភ្នំពេញ យ៉ាងអនាធិបតេយ្យបំផុត មានជនជាតិយួនជាង២០នាក់ បម្រើការងារជាមេជាង និងកម្មករ កែច្នៃឈើខុសច្បាប់នៅក្នុងសិប្បកម្មនោះដែលមានទីតាំងនៅពីក្រោយសាលាស្រុករវៀង ចម្ងាយប្រមាណ២០០ម៉ែត្រ គេមិនដែលឃើញសមត្ថកិច្ចនិងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើហ៊ានហើបមាត់ពីបញ្ហានេះម្តងណាឡើយ។
ប្រជាពលរដ្ឋបានរាយការណ៍ទៀតថា ម្ចាស់ទីតាំងសិប្បកម្មកែច្នៃឈើមួយកន្លែងនេះ មានឈ្មោះ គង់ រុន ដែលគេស្គាល់ថាជាឧត្តមសេនីយ៍ទោយោធា នៅរាជធានីភ្នំពេញ បានចាត់តាំងមេការមើលខុសត្រូវក្នុងរោងសិប្បកម្មកែច្នៃឈើដ៏ធំនោះ ដែលមានកម្មករជំនាញជនជាតិយួន ដល់ទៅជាង២០នាក់ ដំណើរការយ៉ាងគគ្រឹកគគ្រេងគ្មានក្រែងញញើតពីច្បាប់ទម្លាប់ឬបទបញ្ជាលេខ០១ស្តីពីការបង្ការបង្ក្រាបបទល្មើសព្រៃឈើ និងការដឹកជញ្ជូនឈើខុសច្បាប់នោះទេ។ ប្រជាពលរដ្ឋបានអះអាងទៀតថា កន្លងមកមានសមត្ថកិច្ច និងមន្ត្រីជំនាញមួយចំនួនបានធ្វើដំណើរទៅកាន់ទីតាំងរោងសិប្បកម្មនោះ ហើយក៏ចាកចេញមកវិញយ៉ាងស្ងៀមស្ងាត់ដែលត្រង់ចំណុចនេះគេយល់ថា មន្ត្រីជំនាញនិងសមត្ថកិច្ចទាំងនោះទំនងជាទទួលបានសំណែនជាប់ជាប្រចាំ ទើបមិនដែលហ៊ានហើបមាត់ពីការបង្កើតសិប្បកម្មកែច្នៃឈើខុសច្បាប់ទ្រង់ទ្រាយធំរបស់លោក គង់ រុន ហើយសូម្បីតែលោក អ៊ុំ ម៉ារ៉ា ជាអភិបាលខេត្តព្រះវិហារ ក៏មិនគិតគូរចាត់វិធានការលើមន្ត្រីនិងសមត្ថកិច្ចពាក់ព័ន្ធទាំងនោះដែរ មិនដឹងជាមានអាថ៌កំបាំងអ្វី។
មានការបញ្ជាក់ផងដែរថា ទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់របស់លោក គង់ រុន បានប្រមូលទិញឈើប្រណីតមកពីស្រុកជ័យសែន និងស្រុកឆែប ដឹកជញ្ជូនចូលទីតាំងសិប្បកម្មនោះជាចំហគ្មានការលាក់បាំងទេ ហើយកន្លងមកមន្ត្រីនិងសមត្ថ កិច្ចមួយចំនួនគិតឃើញថាទីតាំងសិប្បកម្មនោះស្ថិតក្រោមឥទ្ធិពលរបស់ឧកញ៉ា ទ្រី ភាព មិនដែលហ៊ានទៅអើតក្បែរនោះទេ។ ប៉ុន្តែក្រោយមកស៊ើបដឹងថា មិនមានពាក់ព័ន្ធជាមួយឧកញ៉ា ទ្រី ភាព ក៏បានទៅទំនាក់ទំនងលាបាតដៃសុំប្រាក់ពីក្រុមឈ្មួញយកទៅច្រកហោប៉ៅចែកគ្នាធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងរំភើយមិនខ្វល់ខ្វាយពីការបង្ក្រាបបទល្មើសនោះទេ។ ទីតាំងសិប្បកម្មរបស់លោក គង់ រុន ដែលបើកដំណើរការទ្រង់ទ្រាយធំក៏រំខានផងដែរដល់ប្រជាពលរដ្ឋនៅក្បែរខាង ដោយសារតែសំឡេងម៉ាស៊ីនរោទ៍ទាំងយប់ទាំងថ្ងៃ រកដេកពួនសឹងមិនបាន ហើយបើគិតពីចម្ងាយរោងសិប្បកម្មមកដល់សាលាស្រុក រវៀង ប្រមាណ២០០ម៉ែត្រនោះ ឃើញថា មន្ត្រីសាលាស្រុកប្រកបការងារប្រចាំថ្ងៃសឹងមិនកើត។
លោក ឯ សារ៉ូ ជាអភិបាលស្រុករវៀង ក៏ស្ងៀមស្ងាត់មិនដែលហ៊ានហើបមាត់ពីទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់របស់លោក គង់ រុន នោះដែរ ព្រោះគេឧស្សហ៍ឃើញមេការរបស់លោក គង់ រុន ស្កាត់ទៅជួបលោក ឯ សារ៉ូ មិនដឹងជាមានកិច្ចការងារអ្វីខ្លះទេ។ ប៉ុន្តែជាធម្មតានៅពេលក្រុមឈ្មួញរកស៊ីកែច្នៃឈើខុសច្បាប់ទៅជួបជាមួយអាជ្ញាធរដែនដី គឺគ្មានអ្វីក្រៅពីការទំនាក់ទំនងសុំស្គាល់គ្នា ឬការចែករំលែកប្រយោជន៍ដើម្បីកុំឲ្យអាជ្ញាធរដែនដីទៅ ប៉ះពាល់ជំនួញរកស៊ីឈើនិងការកែច្នៃឈើដោយខុសច្បាប់របស់ពួកគេ។ ហេតុដូច្នេះហើយបានជាគេសង្កេតឃើញលោក ឯ សារ៉ូ ស្ងៀមស្ងាត់ បើទោះបីជាមន្ត្រីសាលាស្រុករវៀងជាច្រើន ធ្លាប់បានទទូចសុំឲ្យលោក ឯ សារ៉ូ ចាត់វិធានការបង្ក្រាបរោងសិប្បកម្មកែច្នៃឈើខុសច្បាប់របស់លោក គង់ រុន ដែលរំខានអារម្មណ៍ពួកគេធ្វើការងារ ក៏ដូចជាការប្តឹងផ្តល់របស់ប្រជាពលរដ្ឋក៏លោក ឯ សារ៉ូ មិនដែលរកដំណោះស្រាយ។
លោក សាយ ដេត ជាអធិការស្រុករវៀង ដែលល្បីឈ្មោះជាយូរមកហើយក្នុងការឃុបឃិតឲ្យក្រុមឈ្មួញទាំងតូចទាំងធំ រកស៊ីដឹកជញ្ជូនឈើខុសច្បាប់ និងបង្កើតរោងសិប្បកម្មកែច្នៃឈើខុសច្បាប់ក្នុងភូមិសាស្ត្រដែលគាត់គ្រប់គ្រង ក៏ទទួលបានផលប្រយោជន៍ច្រើនក្រាស់ក្រែលពីលោក គង់ រុន ផងដែរ ព្រោះគេមិនដែលឃើញលោក សាយ ដេត ចុះទៅត្រួតពិនិត្យជនអន្តោប្រវេសន៍យួនខុសច្បាប់ជាង២០នាក់នោះដែលកំពុងដើរហើរដោយសេរី និងធ្វើសកម្មភាពកែច្នៃឈើខុសច្បាប់យ៉ាងក្រអឺតក្រទមបំផុត។ គេចង់ឃើញថ្នាក់លើ ត្រួតពិនិត្យមើលបញ្ហានេះឡើងវិញផង ព្រោះក្នុងមួយថ្ងៃៗទីតាំងសិប្បកម្មរបស់លោក គង់ រុន បានប្រមូលទិញឈើជាច្រើនមែ៉ត្រគូបដើម្បីផ្គត់ផ្គង់សិប្បកម្មរបស់គាត់និងដឹកយកទៅលក់នៅរាជធានីភ្នំពេញ យ៉ាងគគ្រឹកគគ្រេង ហើយវាជាប្រភពនៃការបំផ្លាញព្រៃឈើនៅស្រុកឆែបនិង ស្រុកជ័យសែន ខេត្តព្រះវិហារ គួរឲ្យសោកស្តាយបំផុត។
លោក អ៊ុំ ម៉ារ៉ា ជាអភិបាលខេត្តព្រះវិហារ ហាក់ដូចជាធូររលុងមិនដែលចាត់វិធានការក្តៅដឹកនាំកម្លាំងចម្រុះរបស់ខេត្ត ចុះទៅបង្ក្រាបការដឹកជញ្ជូនឈើ ខុសច្បាប់ទ្រង់ទ្រាយធំ ឬការបើកសិប្បកម្មកែច្នៃឈើយ៉ាងអនាធិបតេយ្យនោះទេ នាំឲ្យមាន ការរិះគន់ពីមន្ត្រីតូចតាចមួយចំនួន ហើយតាមពិតទៅក្នុងនាទីជាគណៈបញ្ជាការឯកភាពខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា គួរតែចេញបង្ក្រាបបទល្មើសយកស្នាដៃបង្អួតថ្នាក់លើ មិនត្រូវពឹងផ្អែកលើមន្ត្រីជំនាញនិងសមត្ថកិច្ចថ្នាក់ក្រោមដែលភាគច្រើនពុករលួយឃុបឃិតឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើ និងបើកសិប្បកម្មកែច្នៃឈើគ្មានច្បាប់ទម្លាប់តាមអំពើចិត្តនោះទេ។ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នៅតែជាតំបន់មួយដែលគេវាយតម្លៃថា មានសកម្ម ភាពកាប់បំផ្លាញព្រៃឈើយ៉ាងរាលដាល និងមានការដឹកជញ្ជូនឈើខុសច្បាប់យ៉ាងអនាធិប តេយ្យជាងគេ ដែលទាមទារឲ្យលោក អ៊ុក រ៉ាប៊ុន ជារដ្ឋមន្ត្រីក្រសួងកសិកម្មទើបឡើងថ្មី ពិនិត្យមើលបញ្ហានេះឡើងវិញផង៕