0

មេបញ្ជាការ​រង​ការពារ​ព្រំដែន​លេខ ៨១៧ ជា​មេ​ឈ្មួញ​នាំ​ទំនិញ​គេច​ពន្ធ​ខុស​ច្បាប់

ខេត្តបាត់ដំបង ៖ លោក ឡាយ ខុម ជា​មេបញ្ជាការរង វរៈ​ការពារ​ព្រំដែន​គោក​លេខ​៨១៧ ឈរជើង​គ្រប់គ្រង​ច្រកព្រំដែន ចាប់ពី​ព្រំប្រទល់​ស្រុក​ភ្នំព្រឹក នៃ​ខេត្តបាត់ដំបង រហូតដល់​ស្រុក​ម៉ាឡៃ ខេត្ត​​​បន្ទាយ​​មានជ័យ បាន​ឃុបឃិត ​ឲ្យ​ក្រុម​ឈ្មួញ នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់ ឆ្លងកាត់​ព្រំដែន​យ៉ាង​អនាធិបតេយ្យ​ ហើយ​ផលប្រយោជន៍​ដែល​ប្រមូលបាន​ទំនងជា​លោក ឡាយ ខុម ចាត់ចែង​ទៅ​សែនព្រេន ថ្នាក់លើ​ ។

g926_a5c1fba4b3cddb8bd08f8cccdd0606aa

លោក ឡាយ ខុម គឺជា​មនុស្ស​ឆ្អិនឆ្អៅ​ក្នុង​អាជីព​កាប់​ដាវ​ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​​​រក​​ស៊ី​​​នាំចូល​ទំនិញ​​គេចពន្ធ គ្រប់​ប្រភេទ​មកពី​ស្រុកថៃ ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ ច្រើនសន្ធឹក​សន្ធាប់ ហើយ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល រួមទាំង​សេចក្តីណែនាំ​របស់ អគ្គស្នងការ​នគរបាល​ជាតិ លោក ឡាយ ខុម បាន​យកទៅ​ទ្រាប់​គូថ​អង្គុយ​មិនដែល​ខ្វល់ខ្វាយ​អ្វី​ទាំងអស់ ធ្វើយ៉ាងណា​ឲ្យ​តែ​គាត់​អាច​ប្រមូល​លុយ យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។​

តំបន់​ដែល​គ្រប់គ្រង​ដោយ​លោក ឡាយ ខុម ពី​ចំណុច​ព្រំប្រទល់​ស្រុក​ភ្នំព្រឹក រហូតដល់​ស្រុក​ម៉ាឡៃ គេ​សង្កេតឃើញ​មាន​ច្រករបៀង ខុសច្បាប់​ចំនួន​៨​កន្លែង សុទ្ធសឹងតែ​ជា​ចំណុច​យុទ្ធសាស្ត្រ ដែល​ក្រុម​ឈ្មួញ​ធំៗ​ប្រើប្រាស់ ក្នុងការ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ មានដូចជា​គ្រឿងសំណង់ សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ ហ្គាស ជ្រូក​ក្រហម មាន់​កសិកម្ម រហូតដល់​ចំណីអាហារ មាន​សារ​​​ធាតុ​​​គីមី និង​ខូចគុណភាព ក៏ត្រូវ​បាន​នាំចូល​តាម​ច្រករបៀង ទាំង​៨​កន្លែង​នោះ យ៉ាង​អនាធិបតេយ្យ​បំផុត​។ ​

លោក ឡាយ ខុម មិន​ត្រឹមតែ​ជា​អ្នក​ក្តោប​ក្តាប់ ការងារ​សេដ្ឋកិច្ច​លុយកាក់ ប្រចាំ​អង្គភាព​វរៈ​ការពារ​ព្រំដែន​លេខ​៨១៧ ប៉ុណ្ណោះ​ទេ គឺ​លោក ឡាយ ខុម ត្រូវគេ​ដឹងថា ជា​មេ​ឈ្មួញ​ជួញដូរ​​ប្រព្រឹត្ត បទ​​ល្មើស​​​ឆ្លងកាត់​ព្រំដែន ដែល​ហ៊ាន​ចេញមុខ​ចេញ​មាត់ ខ្លាំងជាងគេ​ផងដែរ​។ ​

មន្ត្រី​មួយចំនួនទៀត​ក៏បាន​បង្ហើប​ផងដែរ​ថា សម្រាប់​ការនាំ​ចូល​ទំនិញ តាម​ច្រកព្រំដែន​និង​តាម​ច្រករបៀង​ទាំង​៨​កន្លែង ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​ប​ស់លោក ឡាយ ខុម ដូចជា​នៅ​ចំណុច​ច្រក​ភ្នំ​ដី ស្ថិតនៅ​ទីតាំង​គីឡូម៉ែត្រ​១៣ ក្នុងភូមិ​ត្រពាំង​ព្រលឹត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់​​​ដំបង មានការ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង ដែល​នៅ​ទីនោះ​ក្រុម​ឈ្មួញ​ត្រូវ​បង់លុយ​ជូន​មន្ត្រី​លោក ឡាយ ខុម ដែល​ប្រចាំការ​នៅ​ទីនោះ សម្រាប់​រថយន្ត​យី​ឌុប​មួយគ្រឿង ត្រូវ​បង់ថ្លៃ​ក្បាល​ឡាន​ចាប់ពី ២០​ម៉ឺន​រៀល ទៅ​៤០​ម៉ឺន​រៀល ដោយ​គ្មាន​ការ​​យោគ​​​យល់​​​អ្វី​ឡើយ​។ នៅពេល​បង់លុយ​តាម​ការតម្រូវ​របស់លោក ឡាយ ខុម រួចហើយនោះ ក្រុម​ឈ្មួញ​អាច​ដឹកជញ្ជូន​ទំនិញគេចពន្ធ ឬ​ទំនិញ​ខុសច្បាប់ ចូល​ប្រទេស​កម្ពុជា​យ៉ាង​រលូន​ល្អ គ្មាន​នរណា​ត្រួតពិនិត្យ​ទេ​។​

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com