អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃចេញលិខិតបេសកកម្មឲ្យលោកទូច យុទ្ធាដឹកនាំកម្លាំង នគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចុះទៅស្រាវជ្រាវដើម្បី បង្ការបង្ក្រាប បទល្មើសផ្សេងៗ នៅក្នុងខេត្តកំពង់ឆ្នាំងនិងខេត្តពោធិ៍សាត់ ប៉ុន្តែការអនុវត្តជាក់ស្តែង លោក ទូច យុទ្ធា មិនបានបំពេញការងាររបស់ខ្លួន ឲ្យស្របតាមបទបញ្ជារបស់ថ្នាក់លើនោះទេ ឃើញតែដាក់ពង្រាយនគរបាលក្រោមឱវាទឲ្យចុះដាក់ប៉ុស្តិ៍ជជុះ និងដើរកោសរូសក្រុមឈ្មួញឲ្យបង់លុយទៅតាមតែអំពើចិត្តរបស់ពួកគេ ហើយគេមិនដឹងថា មន្ត្រីនគរបាលសេដ្ឋកិច្ចអស់ទាំងនោះ បង់លុយឲ្យលោក ទូច យុទ្ធា ដែលជាប្រធានក្រុមនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃប្រចាំខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ប៉ុន្មាននោះទេក្នុង១ខែៗ ទើបពួកគេអាចធ្វើអ្វីៗតាមតែអំពើចិត្ត ។
តាមមជ្ឍឹមដ្ឋានប្រាប់ថា ក្រុមនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃដែលជាកូនចៅរបស់លោក ទូច យុទ្ធា បានដើរអុកឡុកជំរិតទារប្រាក់ពីឧសថស្ថាន និងសិប្បកម្មកែច្នៃឈើមួយចំនួន ទាំងនៅក្នុងក្រុង និងតាមបណ្តាស្រុកនានា ក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ គេមិនដឹងថាមន្ត្រីនគរបាលសេដ្ឋកិច្ចអស់ទាំងនោះទទួលបានគោលការណ៍ពីណានោះទេ។ ម្ចាស់សិប្បកម្មមួយចំនួនបានបង្ហើបឲ្យដឹងថា មន្ត្រីរបស់លោក ទូច យុទ្ធា បានកោសរូសឲ្យពួកគេបង់លុយចាប់ពី ៣០០ទៅ៥០០ដុល្លារអាមេរិក ហើយក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ មានទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់រាប់រយកន្លែងមិនដឹងជាមន្ត្រីរបស់លោក ទូច យុទ្ធា ប្រមូលប្រាក់យកទៅណាអស់ទេ ហើយសម្រាប់ម្ចាស់សិប្បកម្មនិងម្ចាស់ដេប៉ូលក់ឈើមួយចំនួនប្រសិនបើមិនព្រមបង់លុយទៅតាមការទាមទាររបស់មន្ត្រីនគរបាលសេដ្ឋកិច្ចទាំងនោះទេ អាចរងនូវការបង្ក្រាប ឬ បញ្ហាផ្សេងៗចៀសមិនផុតឡើយ។
ប្រភពព័ត៌មានខ្លះបង្ហើបឲ្យដឹងថា តាមឱសថស្ថាន និងមន្ទីរពហុព្យាបាលជំងឺមួយចំនួន ក៏សុទ្ធតែជាប់កាតព្វកិច្ចបង់លុយជូននគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃរបស់លោក ទូច យុទ្ធា ផងដែរ ហើយវាជារឿងចម្លែកបំផុតដែលនគរបាលសេដ្ឋកិច្ចរបស់លោក ទូច យុទ្ធា មានភារកិច្ចដើរកោសរូសទារលុយពីតាមម្ចាស់ឱសថស្ថាន ម្ចាស់លក់គ្រឿងសំអាងនិងតាមមន្ទីរព្យាបាលជំងឺមួយចំនួន ព្រោះតួនាទីរបស់នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ គ្រាន់តែចុះមកស្រង់ស្ថិតិធ្វើរបាយការណ៍ ហើយបើរកឃើញបទល្មើសត្រូវរាយការណ៍មកថ្នាក់លើ ដើម្បីសុំកម្លាំងសហការចុះបង្ក្រាបបទល្មើសប៉ុណ្ណោះ មិនមានតួនាទីអ្វីចុះប្រមូលលុយយកទៅច្រកហោប៉ៅផ្ទាល់ខ្លួននោះទេ។
អ្នករស់នៅក្នុង ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក៏បានលួចបង្ហើបឲ្យដឹងផងដែរថា ពួកគេមានរោងច្រៀកឈើប្រើដោយម៉ាស៊ីនគោយន្តចំនួន៣គ្រឿង ក៏ត្រូវបានក្រុមនគរបាលសេដ្ឋកិច្ចរបស់លោក ទូច យុទ្ធា កោសរូសឲ្យបង់លុយចាប់ពី ២០០ទៅ៣០០ដុល្លារ បើគ្មានប្រាក់បង់តាមការទាមទារទេ ពួកគេនឹងរឹបអូសយកម៉ាស៊ីនច្រៀកឈើ និងឈើដែលមាននៅក្នុងរោងទាំងនោះ ហើយផ្អាកមិនឲ្យមានដំណើរការបន្ត ដូច្នេះម្ចាស់សិប្បកម្មកែច្នៃឈើទាំងតូចទាំងធំ ទាំងមានច្បាប់និងអត់ច្បាប់ត្រូវបង់លុយឲ្យមន្ត្រីនគរបាលសេដ្ឋកិច្ចរបស់លោក ទូច យុទ្ធា ទាំងទើសទាល់បំផុត។ សូម្បីតែរ៉ឺម៉កដឹកឈើក៏មិនលើកលែងឲ្យដែរគ្រាន់តែដឹក ចេញពីតាមសិប្បកម្មមួយចំនួនយកទៅឲ្យប្រជាពលរដ្ឋដែលក្រុមឈ្មួញប្រមូលទិញឈើយកទៅលក់នៅតាមដេប៉ូមួយចំនួនក្នុងក្រុងកំពង់ឆ្នាំងក៏ទទួលរងនូវការកោសរូសបង្ខំឲ្យបង់ប្រាក់ចាប់ពី ៣០០ទៅ៥០០ដុល្លារអាមេរិក នៅពេលដែលពួកគេចុះទៅដល់ទីតាំងម្តងៗដោយលើកឡើងអំពីបញ្ហាដោះស្រាយបាយទឹក ឬសោហ៊ុយសាំងសម្រាប់ពួកគេ ហើយប្រសិនបើមិនមានលុយបង់ទេ នគរបាលសេដ្ឋកិច្ចរបស់លោក ទូច យុទ្ធា មានវិធីកោសរូសបង្កឲ្យមានបញ្ហាចៀសមិនផុតឡើយ។ប្រជាពលរដ្ឋក៏ដូចជាក្រុមឈ្មួញមួយចំនួននៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ័សាត់ បានទទូចសុំឲ្យអគ្គស្នងការនគរបាលជាតិពិនិត្យមើលលក្ខណសម្បត្តិរបស់លោក ទូច យុទ្ធា ឡើងវិញផង ព្រោះពួកគេកំពុងអុកឡុកក្រុមឈ្មួញ និងប្រជាពលរដ្ឋដោយគ្មានការយោគយល់អ្វីឡើយ៕
អត្ថបទដោយៈ TTCN & CDN