ឈើប្រណិតប្រភេទឈើធ្នង់ប្រមាណជាង ១ពាន់ដុំ ត្រូវបានសមត្ថកិច្ចជំនាញខណ្ឌរដ្ឋបាលព្រៃឈើរកឃើញនៅក្នុងព្រៃមួយក្បែរព្រំដែនខេត្តរតនគិរី ជាប់នឹងខេត្តយ៉ាឡាយ ប្រទេសវៀតណាម ក៏ប៉ុន្តែមន្ត្រីព្រៃឈើមិនទាន់កំណត់បានថាតើម្ចាស់ឈើជានរណានៅឡើយ។
ឈើជាង ១ពាន់ដុំនេះត្រូវគេលួចអារចេញពីក្នុងព្រៃមួងតូម ក្នុងភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ។ឈើប្រណិតទាំងអស់នេះត្រូវបានប្រជាពលរដ្ឋសហគមន៍ភូមិឡំ រកឃើញគរទុកក្នុងតំបន់ព្រៃសម្បទានរបស់ក្រុមហ៊ុន ម៉ែន សារុន ដែលបានផ្ទេរសិទ្ធិធ្វើអាជីវកម្មទៅឲ្យក្រុមហ៊ុនវៀតណាម ឈ្មោះក្រុមហ៊ុន ៧៥ កាលពីថ្ងៃទី១៨ ខែតុលា ហើយបានផ្ដល់ព័ត៌មានជូនមន្ត្រីព្រៃឈើដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
នាយរងខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី លោក ផាន់ ភិន មានប្រសាសន៍បញ្ជាក់ថា ឈើប្រណិតទាំងអស់ត្រូវបានមន្ត្រីព្រៃឈើដឹកជញ្ជូនមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបរកែវ និងកំពុងកសាងសំណុំរឿងករណីនេះទៅតុលាការ។
លោកបន្តថា សមត្ថកិច្ចមិនទាន់កំណត់មុខសញ្ញាជាម្ចាស់ឈើនោះបាននៅឡើយ៖ «គឺត្រូវតែដាក់ទៅតុលាការទាំងអស់ សំណុំរឿងឥឡូវកំពុងផ្ដិតឯកសារការងារ ឥឡូវឯកសារបញ្ជូនទៅតុលាការឥឡូវនេះ។ ជូនដំណឹងហើយ មេឃុំ មេស្រុកហ្នឹងមិនដឹងអ្នកណា បើរកមិនឃើញ ជួនកាលមិនចេះតែចោទគេទេ ទាល់តែមានភស្តុតាងមានស្អីណា!»។
ទោះជាយ៉ាងនេះក្ដី មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក (ADHOC) ខេត្តរតនគិរី លោក ឆាយ ធី មានប្រសាសន៍បញ្ជាក់ថា តាមការអង្កេតជំហានដំបូងរបស់លោករកឃើញថា ឈើនេះសង្ស័យមានពាក់ព័ន្ធមន្ត្រីប៉ូលិសការពារព្រំដែននៅតំបន់នោះជាអ្នកឃុបឃិតលួចកាប់ចេញពីព្រៃនាំចេញទៅប្រទេសវៀតណាម។ លោកអំពាវនាវឲ្យមន្ត្រីព្រៃឈើ និងមន្ត្រីស្ថាប័នអយ្យការស៊ើបអង្កេតរកអត្តសញ្ញាណជនប្រព្រឹត្តល្មើសមកផ្ដន្ទាទោសតាមច្បាប់។
កាលពីឆ្នាំ២០១២ មន្ត្រីសមាគមអាដហុក និងសហគមន៍ភូមិឡំ បានរកឃើញគំនរឈើមូលរាប់ពាន់ដើម ត្រូវគេកាប់នៅតំបន់នោះដូចគ្នា ដើម្បីនាំចេញតាមច្រករបៀងទៅប្រទេសវៀតណាម ក្នុងនោះសមត្ថកិច្ចព្រៃឈើចាប់បានពលរដ្ឋវៀតណាម ៧នាក់ និងសម្ភារៈប្រព្រឹត្តបទល្មើសមានរណារយន្ត និងរថយន្តដឹកជញ្ជូនឈើបញ្ជូនទៅតុលាការក្នុងបទសង្ស័យជាប់ពាក់ព័ន្ធសកម្មភាពកាប់ឈើខុសច្បាប់នេះ៕