ខេត្តព្រៃវែង៖ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញបានឲ្យដឹងថាជញ្ជីងថ្លឹងរថយន្តនៅលើកំណាត់ផ្លូវជាតិលេខ១នោះមានមន្ត្រីប្រមាណជា៦-៧នាក់រួមមានកម្លាំងរាជអាវុធហត្ថនគរបាលចរាចរណ៍មន្ដ្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ដមន្ដ្រីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តនិងមន្ដ្រីសាលាខេត្ដដែលដឹកនាំនិងមើលការខុសត្រូវដោយមន្ដ្រីមន្ទីរសាធារណការ។
ចំពោះការគ្រប់គ្រងលុយដែលទារបានពីរថយន្ដដឹកទំនិញជាសិទ្ធិរបស់មន្ដ្រីមកពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ដព្រៃវែង ទីតាំងជញ្ជីងថ្លឹងរថយន្តដែលមានទីតាំងនៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចក្បែរវិទ្យាល័យ ហ៊ុន សែន តាគោក ស្ថិតក្នុងភូមិខ្វិត ឃុំរំចេក ស្រុកព្រះស្ដេច ខេត្ដព្រៃវែងនិងនៅជិតទីរួមខេត្តព្រៃវែងតាមផ្លូវជាតិលេខ១១ក៏មានជញ្ជីងថ្លឹងរថយន្តតាមរបៀបកុងត្រូលជជុះ ដែលក្រុមមន្ត្រីសំងំកើបលុយពីក្រុមឈ្មួញដឹកទំនិញរាប់ឆ្នាំមកហើយ។
ប្រជាពលរដ្ឋបានឲ្យដឹងថារថយន្ដដឹកទំនិញគ្រប់ប្រភេទទាំងតូចទាំងធំដែលធ្វើចរាចរលើផ្លូវជាតិលេខ១ និងតាមផ្លូវជាតិលេខ១១ ពេលមកដល់ទីតាំងជញ្ជីង គឺត្រូវតែឈប់ទាំងអស់ តែមិនមែនឈប់ដើម្បីធ្វើការថ្លឹងទំងន់ទេគឺឈប់ដាក់លុយឱ្យក្រុមជញ្ជីងថ្លឹង។ សម្រាប់រថយន្តធុនមធ្យម ក្នុង១រថយន្តត្រូវបង់លុយ ចាប់ពី២ម៉ឺនរៀលទៅ៤ម៉ឺនរៀល តែសម្រាប់រថយន្តដឹកខ្សាច់ ក្រួស ឥដ្ឋ និងទំនិញធុនធំ គឺចាប់ពី៥ម៉ឺនរៀលទៅ១០ម៉ឺនរៀល។ ក្រុមជញ្ជីងថ្លឹងរថយន្តនេះ បានមកបោះទីតាំងនៅក្បែរវិទ្យាល័យហ៊ុន សែន តាគោក រយះពេលជាង២ឆ្នាំមកហើយ។មួយរយៈចុងក្រោយនេះគេឃើញក្រុមជញ្ជីងថ្លឹងរថយន្តធ្វើការចាប់ឃាត់រថយន្ដដឹកទំនិញយកមកថ្លឹងទំងន់និងកាយទម្លាក់ទំនិញចេញពីរថយន្ដបានប្រមាណជាជាង១០គ្រឿងប៉ុណ្ណោះ ដោយសាររថយន្ដទាំងនោះមិនព្រមដាក់លុយឱ្យពួកគេហើយគេបានថតរូបភាពរថយន្ដទាំងនោះ យកទៅបង្ហាញថា្នក់លើ ទុកជាស្នាដៃ ។