0

សមត្ថកិច្ចច្រកជ្រៃធំឲ្យ ក្រុមឈ្មួញនាំចូលមាន់ ទា ជ្រូកក្រហម ពីប្រទេសវៀតណាម

ខេត្តកណ្តាល៖បើតាម​សេចក្តីរាយការណ៍​ពី​ខេត្តកណ្តាល​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​នៅ​ចំណុច​ព្រែក​ស្បូវ ក្នុង​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល មាន​ឈ្មួញ​ជាច្រើន​កំពុង​សម្រុក​នាំចូល​មាន់ ទា និង​ជ្រូក​ក្រហម​ពី​ប្រទេស​វៀតណាម ហើយ​ដឹកជញ្ជូន​តាមផ្លូវ​ជាតិ​លេខ​២១​បេ យ៉ាង​អនាធិបតេយ្យ​មក​លក់​ចែកចាយ​ដល់​រាជធានី​ភ្នំពេញ គឺ​មិនដែល​រំខាន​ដល់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នោះទេ​។  ភាពអនាធិបតេយ្យ​នៃ​ការដឹកជញ្ជូន​មាន់ ទា ជ្រូក​ក្រហម ឆ្លងកាត់​ស្រុក​ចំនួន​៣ នៃ​ខេត្តកណ្តាល​នេះ ធ្វើឡើង​ទាំងយប់​ទាំង​ថ្ងៃ គ្មាន​ក្រែង​ញញើត​ចំពោះ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​នោះទេ ព្រោះ​ក្រុម​ឈ្មួញ​ទាំង​នោះបាន​ត្រូវ​ដៃ​ត្រូវ​ជើង​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដោយមាន​ការបង់​លុយ​ថ្លៃ​ក្បាល​ឡាន​និង​បង់លុយ​ប្រចាំខែ​មិនដែល​មាន​ផល​រមាស់​អ្វី​ឡើយ​។​

ការនាំ​ចូល​និង​ដឹកជញ្ជូន​មាន់​កសិកម្ម ទា ស៊ុត និង​ត្រី ជាពិសេស​ជ្រូក​ក្រហម​របស់​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ តាម​ច្រក​ជ្រៃ​ធំ នៃ​ស្រុក​កោះធំ​នៃ​ខេត្តកណ្តាល​ឡើងមក​តាមផ្លូវ​ជាតិ​២១​បេ យកមក​ចែកចាយ​ក្នុង​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ មាន​ភាព​គគ្រឹកគគ្រេង​ខ្លាំង​ឡើងៗហើយ​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ខេត្តកណ្តាល​ក៏ដូចជា​សមត្ថកិច្ច​ពាក់​ព័ន្ធ​ដែល​ប្រចាំការ​តាម​ដងផ្លូវ​ច្រើន​ស្អេកស្កះ​សុទ្ធតែ​ទទួលបាន​ផលប្រយោជន៍ ពី​ការ​នាំចូល​មាន់ ទា និង​ជ្រូក​ក្រហមពី​ប្រទេស​វៀតណាមផ្ទុយ​ពីបទ​បញ្ជា​របស់សម្តេចតេជោ​សែន​ នៃរាជរដ្ឋាភិបាលកម្ពុជា៕

មន្ត្រី​ដែល​ទទួលបាន​ផលប្រយោជន៍​ច្រើនជាងគេ ពី​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​មាន់ ទា និង​ជ្រូក​ក្រហម តាម​ចំណុច​ព្រែក​ស្បូវ នៃ​ស្រុក​កោះធំ​យ៉ាង​អនាធិបតេយ្យ​នោះ គឺ​លោក លឹម ងួន​គ្រុយ ជា​អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកណ្តាល និង​លោក ពួច ជា​ប្រធាន​ក្រុម​បង្ក្រាប​ការដឹកជញ្ជូន​សត្វ និង​ជា​ប្រធាន​កុងត្រូលជជុះ​របស់​ពេទ្យសត្វ​។ មានការ​បញ្ជាក់​ផងដែរ​ថា លោក ពួច មាន​ដាក់ពង្រាយ​មន្ត្រី​របស់គាត់​នៅតាម​ប៉ុស្តិ៍​ជជុះ​ដែល​ប្រចាំការ​តាមផ្លូវ​ជាតិ​លេខ​២១​បេ លេខ​២ លេខ​៣ លេខ​១ និង​លេខ​១១០ អង្គុយចាំ​រាប់​ក្បាល​ឡាន​ដឹក​មាន់ ទា ជ្រូក​ក្រហម យ៉ាង​អនាធិបតេយ្យ​បំផុត​។​
​សូមបញ្ជាក់​ផងដែរ​ថា មាន​ឈ្មួញ​ជាច្រើន​ដែល​រកស៊ី​ដឹកជញ្ជូន មាន់​ទា និង​ជ្រូក​ក្រហម មកពី​ប្រទេស​វៀតណាម តាម​ច្រក​ជ្រៃ​ធំ ដូចជា​១.​ឈ្មោះ ធឿន ២.​ឈ្មោះ អឿន និង​៣.​ឈ្មោះ វណ្ណា ហើយ​ការដឹកជញ្ជូន​មាន់ ទា ជ្រូក ក្រហម ទាំងនោះ​ប្រើប្រាស់​រថយន្ត​កូរ៉េ​។

​មន្ត្រី​តូចតាច​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ជ្រូក មាន់ ទា ជ្រូក​ក្រហម តាម​ចំណុច​ព្រែក​ស្បូវ​និង​ច្រក​ជ្រៃ​ធំ គឺ​កើតមាន​ច្រើន​ខែ​មកហើយ គេ​មិនដែល​ឃើញ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ហ៊ាន​ចេញមុខ​ទៅ​ទប់ស្កាត់ ឬ​បង្ក្រាប​ក្រុម​ឈ្មួញ​ទាំងនោះ​ម្តងណា​ឡើយ ហើយ​មន្ត្រី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចេះតែ​សុខ​ស្រួល​ក្នុងការ​ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​នាំចូល​មាន់ ទា ជ្រូក​ក្រហម យ៉ាង​អនាធិបតេយ្យ ដោយ​មិន​ខ្វល់ខ្វាយ​ពីបទ​បញ្ជា​របស់​រដ្ឋាភិបាល​សូម្បីតែ​បន្តិច​។ លោក​អភិបាល​ខេត្តកណ្តាល ឡើងថ្មី ត្រូវតែ​ចាត់វិធានការ​ក្តៅ​ជាបន្ទាន់​ដើម្បី​បង្ការ​បង្ក្រាប​និង​ទប់ស្កាត់​ការដឹកជញ្ជូន មាន់ ទា និង​ជ្រូក​ក្រហម​ដែល​កំពុង​កើតមាន​យ៉ាង​គគ្រឹកគគ្រេង​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល​៕

257_38aa4902a889747da4bda3f67dc1d4c3

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com