ខេត្តស្វាយរៀង ៖ លោកវរសេនីយ៍ទោ អ៊ឹង សុងយូ មេនគរបាលអន្តោប្រវេសន៍ប្រចាំច្រកព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ នៃខេត្តស្វាយរៀង កំពុងសុខស្រួលក្នុងការប្រមូលលុយពីអំពើគាបជំរិតប្រជាពលរដ្ឋខ្មែរពេលធ្វើដំណើរទៅប្រទេសវៀតណាមផ្ទុយពីគោលការណ៍របស់ថ្នាក់លើនិងការឃុបឃិតឲ្យមានការហូរចូលទំនិញខុសច្បាប់សម្រាប់អភិវឌ្ឍន៍មុខតំណែង ហើយគ្រប់ៗគ្នាបានទទួលស្គាល់ថា លោក អ៊ឹង សុងយូ គឺជាមន្ត្រីដែលមានមហិច្ឆតាចង់អភិវឌ្ឍន៍មុខតំណែងគ្មានទីបញ្ចប់ ដោយសារគាត់មានលុយ និងមានការជួយជ្រោមជ្រែងពីសាច់ញាតិរបស់គាត់ដែលសម្បូរអំណាច។
មន្ត្រីមួយចំនួនបានបង្ហើបឲ្យដឹងថា លោក អ៊ឹង សុងយូ បានចាប់ផ្តើមសន្សំប្រាក់អំឡុងពេលកាន់តំណែងជាប្រធានច្រកអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀងតាមរយះការគាបជំរិតពលករក្រីក្រ និងការហូរចូលទំនិញខុសច្បាប់ពីប្រទេសថៃ នៅពេលយប់។ លោក អ៊ឹង សុងយូ ក៏មានឱកាសមកកាន់តំណែងជាមេនគរបាលអន្តោប្រវេសន៍ប្រចាំច្រកព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ ដែលអាចក្តោបបាននូវប្រភពចំណូលច្រើនជាងមុនទ្វេរដង ប៉ុន្តែលោក អ៊ឹង សុងយូ ហាក់ដូចជាមិនទាន់ស្កប់ចិត្តនៅឡើយទេ គឺគាត់តែងតែមានមហិច្ឆតាចង់ទៅកាន់តំណែងផ្សេងទៀតដែលអាចរកលុយបានច្រើនជាងតំណែងបច្ចុប្បន្ននេះ។
ប្រជាពលរដ្ឋជាច្រើនធ្លាប់បានរអ៊ូរទាំ និងសម្តែងភាពក្តៅក្រហាយយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់មន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែន អន្តរជាតិបាវិត ក្រោមការគ្រប់គ្រងរបស់លោក អ៊ឹង សុងយូ ដែលបានគាបជំរិតឲ្យពួកគាត់បង់ប្រាក់ ក្រៅផ្លូវការតាមរបៀបពុករលួយតាមតែទំនើងចិត្តរបស់ពួកគេ ដែលទាមទារឲ្យថ្នាក់លើត្រួតពិនិត្យបញ្ហានេះឡើងវិញជាបន្ទាន់ ទន្ទឹមពេលដែលអង្គភាពប្រឆាំងអំពើពុករលួយ កំពុងតែបោសសម្អាតមន្ត្រីខិលខូចពុករលួយនៅតាមមន្ទីរ ស្ថាប័នរដ្ឋមួយចំនួនគួរឲ្យកោតសរសើរ។
ប្រជាពលរដ្ឋបានលើកឡើងថា មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកបាវិតបានបង្ខំឲ្យពួកគាត់បង់ប្រាក់ ចំនួន២០ដុល្លារអាមេរិកសម្រាប់អ្នកដែលគ្មានលិខិតឆ្លងដែនហើយមានធុរៈ ត្រូវធ្វើដំណើរទៅកាន់ ប្រទេសវៀតណាមដើម្បីព្យាបាលជំងឺ ហើយពេលត្រឡប់មកវិញក៏ត្រូវបង់ប្រាក់ចំនួន ២០ ដុល្លារ ផ្សេងទៀត។ បើនិយាយឲ្យខ្លីទៅសម្រាប់ប្រជាពលរដ្ឋដែលគ្មានលិខិតឆ្លងដែន ហើយមានធុរៈចាំបាច់ឆ្លងដែនទៅកាន់ប្រទេសវៀតណាមត្រូវចំណាយប្រាក់ ក្នុងម្នាក់ៗចំនួន៤០ ដុល្លារទាំងទៅទាំងមក មិនដឹងថា ការបង់ប្រាក់របៀបនេះជាគោលការណ៍របស់ថ្នាក់លើឬក៏ត្រូវបង់ចូលជា ថវិកាជាតិប៉ុន្មាននោះទេ។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា មន្ត្រីនគរបាលអន្តោប្រវេសន៍របស់លោក អ៊ឹង សុងយូ បានរក្សាទុកក្រុមអ្នកគួកជេនៅលាយឡំជាមួយមន្ត្រី ដែលក្រុមអ្នកគួកជេទាំងនេះ សកម្មបំផុតក្នុងការជួយរត់ការ ឯកសារ និងជាអ្នកប្រមូលលុយយកទៅឲ្យមន្ត្រីនគរបាល នៅពេលមានអ្នកដំណើរឆ្លងកាត់ ឬត្រូវក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរពឹងអាស្រ័យឲ្យជួយសម្រួលបែបបទ កុំឲ្យយឺតយូរ។ សម្រាប់ការបំពេញសាលាកបត្រឆ្លងដែនក៏មានការតម្រូវឲ្យបង់សេវាថ្លៃ ទឹកប៊ិចក្រៅផ្លូវការផងដែរ គឺលោក អ៊ឹង សុងយូ មិនដែលមានឆន្ទៈកែទម្រង់ពីបញ្ហានេះឲ្យស្របតាមបទបញ្ជារបស់ថ្នាក់លើ ឬ ការព្រមានរបស់អង្គភាពប្រឆាំងអំពើពុករលួយរបស់លោក ឱម យ៉ិនទៀង ម្តងណាឡើយ។
ជាគោលការណ៍ថ្នាក់លើមិនបានតម្រូវឲ្យ មន្ត្រីនគរបាលប្រចាំច្រកទ្វារព្រំដែន គាបជំរិតឲ្យប្រជាពលរដ្ឋខ្មែរបង់ប្រាក់សម្រាប់ការធ្វើដំណើរចាកចេញពី ប្រទេសកម្ពុជានោះទេ ប៉ុន្តែលោក អ៊ឹង សុងយូ ហាក់ដូចជាធូររលុងមិនយកចិត្តទុកដាក់អនុវត្តន៍តាមបទបញ្ជារបស់ថ្នាក់លើ នោះទេ ដូចដែលមតិមួយចំនួនបានលើកឡើងថា លោក អ៊ឹង សុងយូ កំពុងផ្តល់ឱកាសឲ្យមន្ត្រីជំនិតរបស់គាត់ធ្វើអ្វីៗគ្រប់បែបយ៉ាង ក្នុងការប្រមូលប្រាក់យកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន។ ភាពអសកម្មរបស់មន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកបាវិត ទាមទារឲ្យអង្គភាពប្រឆាំងអំពើពុករលួយរបស់លោក ឱម យ៉ិនទៀង ពិនិត្យមើល ឡើងវិញជាបន្ទាន់។
សូមរម្លឹកថាក្រៅពីការប្រព្រឹត្តអំពើពុករលួយ លើការគាបជំរិតអ្នកដំណើរឆ្លងកាត់ព្រំដែន ក៏ដូចជាការយកសេវាមិនប្រក្រតី លោក អ៊ឹង សុងយូ ត្រូវគេសង្ស័យថា មានជាប់ពាក់ព័ន្ធជាមួយការយកប្រាក់ក្រៅផ្លូវការពីរថយន្តដែល ដឹកទំនិញឆ្លងកាត់ច្រកព្រំដែនដោយគ្មានវិក្កយបត្រផងដែរ។ ជាក់ស្តែងសកម្មភាពដឹកជញ្ជូនទំនិញ មួយចំនួន ដោយជ្រកក្រោមរូបភាពទំនិញវិនិយោគ ដែលពន្ធអាករជាបន្ទុករបស់រដ្ឋជាប្រភេទទំនិញខុសច្បាប់ អាចឆ្លងកាត់ច្រកព្រំដែនបាវិតបានរលូនល្អ គេជឿជាក់ថា នគរបាលអន្តោប្រវេសន៍របស់លោក អ៊ឹង សុងយូ ក៏អាចទទួលបានផលប្រយោជន៍ផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីសាលាស្រុកកំរៀង ខេត្តបាត់ដំបងមួយចំនួន បានធ្លោយឲ្យដឹងថាតាមទម្លាប់ជាយូរមកហើយលោក អ៊ឹង សុងយូ តែងតែយកបទបញ្ជារបស់ថ្នាក់លើទៅធ្វើជាមុខរបរប្រមូលប្រាក់ច្រកហោប៉ៅ ផ្ទាល់ខ្លួនហើយអ្វីដែលលោក អ៊ឹង សុងយូ ធ្លាប់បានប្រព្រឹត្តអំឡុងពេលគាត់ធ្វើជាប្រធានច្រកអន្តរជាតិដូងក៏ គាត់យកមកអនុវត្តនៅច្រកបាវិតនេះដូចគ្នា។ មានមន្ត្រីមិនតិចទេដែលកំពុងនាំគ្នាច្រណែនចំពោះជោគវាសនារបស់លោក អ៊ឹង សុងយូ ដែលមានឆ្អឹងអណ្តែតត្រូវប៉ាន់គ្រប់តំណែងទាំងអស់ មិនមែនព្រោះតែលោក អ៊ឹង សុងយូ ជាមនុស្សមានសមត្ថភាពឬមានស្នាដៃល្អនោះទេ ប៉ុន្តែអ្វីៗផ្តើមចេញពីគំនិតជាអ្នកវិនិយោគទុនដែលលោក អ៊ឹង សុងយូ ហ៊ានចំណាយគ្រប់បែបយ៉ាងដើម្បីបានតំណែងណាមួយដែលគាត់យល់ថាអាចប្រមូល ផលចំណេញមកវិញដោយងាយស្រួល៕