ក្រុងប៉ោយប៉ែត ៖ លោក ឈួន ហៃ ក្នុងអំណាចជាប្រធានការិយាល័យគយនិងរដ្ឋាករប្រចាំច្រកអន្តរជាតិ ប៉ោយប៉ែត ចាត់តាំងមន្ត្រីជំនិតៗរបស់គាត់ឲ្យចេញប្រមូលលុយគ្រប់ ច្រកល្ហកយកទៅចែកគ្នាធ្វើមានធ្វើបាន មិនទាន់ព្រឺរោមជើងចំពោះចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ សូម្បីតែបន្តិច។ មកដល់ពេលនេះគេមិនដែលឃើញអគ្គនាយកដ្ឋានគយនិងរដ្ឋាករចាត់វិធានការ ស៊ើបអង្កេតភាពមិនប្រក្រតីរបស់មន្ត្រីគយនៅច្រកប៉ោយប៉ែតម្តងណាឡើយ ទើបមន្ត្រីគយអស់ទាំងនោះចេះតែមានឱកាសប្រព្រឹត្តខុសឆ្គងម្តងហើយ ម្តងទៀត។
លោក ឈួន ហៃ បានចាត់តាំងមន្ត្រីជំនិតរបស់គាត់២នាក់ ឲ្យចេញធ្វើសកម្មភាពប្រមូលលុយតាមគ្រប់មធ្យោបាយ គឺមានលោក មុយ បញ្ញារិទ្ធ ជាមេគយចល័តឈរជើងនៅចំណុចកូនដំរី និងលោក លី ប៊ុនសុង ជាអនុប្រធានការិយាល័យគយនិងរដ្ឋាករប្រចាំច្រកអន្តរជាតិប៉ោយប៉ែត មន្ត្រី២នាក់នេះ មានជំនាញប្រមូលលុយយកទៅជូនលោក ឈួន ហៃ តាមផែនការមិនដែលទើសចិត្តម្តងណាឡើយ។ អង្គភាពប្រឆាំងអំពើពុករលួយបានយកខេត្តបន្ទាយមានជ័យធ្វើជាគោលដៅដែល ត្រូវលុបបំបាត់អំពើពុករលួយជាគំរូមុនគេ ប៉ុន្តែលោក ឈួន ហៃ មិនដែលព្រឺរោមជើងចំពោះចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ម្តងណាឡើយ ក៏ព្រោះតែមកដល់ម៉ោងនេះ លោក ឱម យ៉ិនទៀង មិនទាន់បានចាប់ឃាត់ខ្លួនមន្ត្រីគយណាម្នាក់យកទៅផ្តន្ទាទោស ឲ្យដូចការព្រមាននៅឡើយទេ។
សកម្មភាពរបស់លោក មុយ បញ្ញារិទ្ធ បច្ចុប្បន្ននេះកំពុងបង្កព្យុះភ្លៀងគ្រប់ទីកន្លែងនៅក្រុងប៉ោយប៉ែត ហើយក្រុមឈ្មួញដែលរកស៊ីដឹកជញ្ជូនទំនិញឆ្លងកាត់ក្រុងប៉ោយប៉ែត តាមច្រករបៀង សុទ្ធតែមានទំនាក់ទំនងល្អជាមួយលោក មុយ បញ្ញារិទ្ធ នាំឲ្យគាត់អាចបង្កព្យុះភ្លៀងតាមតែអំពើចិត្ត ឲ្យឈ្មួញរាប់រយនាក់ដែលរកស៊ីនាំចូលទំនិញមិនប្រក្រតី ក្នុងពេលបច្ចុប្បន្ននេះ សុទ្ធតែមានការត្រូវរ៉ូវនិងបង់លុយប្រចាំខែជូនលោក មុយ បញ្ញារិទ្ធ ទើបការរកស៊ីដឹកជញ្ជូនទំនិញរបស់ពួកគេមិនត្រូវបានរំខាន។ លោក មុយ បញ្ញារិទ្ធ ក៏មានជំនាញប្រមូលឈ្មួញធំៗរកស៊ីនៅក្រុងប៉ោយប៉ែតឲ្យចូលខ្លួនទៅ បង់លុយជូនលោក ឈួន ហៃ ជាប់ជាប្រចាំហើយនៅច្រកអន្តរជាតិប៉ោយប៉ែតនេះមានការបង់លុយ ក្រៅផ្លូវការច្រើនសន្ធឹកសន្ធាប់ គឺជាអំពើពុករលួយដែលកើតមានជាលក្ខណៈប្រព័ន្ធយូរយារមកហើយ។
ដោយឡែកលោក លី ប៊ុនសុង ដែលជាអនុប្រធានការិយាល័យគយប្រចាំច្រកប៉ោយប៉ែត ក៏ជាមនុស្សជំនិតបំផុតរបស់លោក ឈួន ហៃ ហើយក៏ជាមន្ត្រីគយដែលមានរឿងអាស្រូវច្រើនជាងគេ ដូចជាករណីប្រើអំពើហិង្សាវាយទាត់ធាក់លើកូនក្មេង និងគំរាមប្រើអំពើហិង្សាទៅលើកម្មករអូសរទេះដឹកទំនិញយ៉ាងអសីលធម៌ ក៏ជាអ្នកប្រមូលលុយយកទៅជូនលោក ឈួន ហៃ យ៉ាងសកម្មផងដែរ។ លោក លី ប៊ុនសុង ទទួលបន្ទុកការងារត្រួតពិនិត្យនិងទំនាក់ទំនងផលប្រយោជន៍ជាមួយក្រុម ឈ្មួញដែលរកស៊ីដឹកជញ្ជូនទំនិញចេញចូល តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយកន្លងមក លោក លី ប៊ុនសុង ធ្លាប់ធ្វើជាអ្នកបង្ក្រាបទំនិញផង និងជាអ្នករកស៊ីដឹកជញ្ជូនទំនិញគេចពន្ធខ្លួនឯងផង គឺដឹកតាមរថយន្តផ្ទាល់ខ្លួនរបស់គាត់ចូលតាមច្រកអន្តរជាតិប៉ោយប៉ែត ។
លោក លី ប៊ុនសុង គឺជាជើងខ្លាំងក្នុងការជ្រែទំនិញមានតម្លៃឆ្លងកាត់ច្រកអន្តរជាតិ ប៉ោយប៉ែត ក៏ព្រោះតែលោក លី ប៊ុនសុង មានទំនាក់ទំនងល្អជាមួយសមត្ថកិច្ចនៅស្រុកថៃ ដែលតែងតែពឹងអាស្រ័យគ្នាទៅវិញទៅមក ក្នុងការជ្រែទំនិញឆ្លងកាត់ច្រកព្រំដែន ហើយឈ្មួញជាច្រើនសុទ្ធតែបានស្គាល់សារជាតិរបស់ជំនាញគយ ដែលស្រេកឃ្លានតែអំពើពុករលួយ ហើយពួកគេមិនដែលខ្វល់ខ្វាយពីការខាតបង់ចំណូលថវិកាជាតិនោះទេ។ កាលពីសម័យដែលលោក ជួប អេន ធ្វើជាប្រធានការិយាល័យគយប្រចាំច្រកប៉ោយប៉ែត ហើយលោក ឈួន ហៃ គឺជាអនុប្រធាន ទាំងលោក លី ប៊ុនសុង និងលោក មុយ បញ្ញារិទ្ធ មិនសូវផ្តល់តម្លៃឲ្យលោក ឈួន ហៃ ប៉ុន្មានទេ ប៉ុន្តែចាប់តាំងពីលោក ឈួន ហៃ មានយីអ៊ុនឡើងធ្វើជាប្រធានការិយាល័យគយប្រចាំច្រកប៉ោយប៉ែត គឺលោក មុយ បញ្ញារិទ្ធ និងលោក លី ប៊ុនសុង បានបន្ទន់ឥរិយាបថ ក្លាយខ្លួនជាមនុស្សជំនិតបំផុតក្នុងការប្រមូលលុយយកទៅជូនលោក ឈួន ហៃ រាល់ថ្ងៃ៕